ទីផ្សារភាគហ៊ុន

តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាម៉េរិកអាចជះឥទ្ធិពលយ៉ាងណាលើទីផ្សារភាគហ៊ុន និងប័ណ្ណបំណុលរបស់រដ្ឋាភិបាល?


អ្នកវិនិយោគក្នុងទីផ្សារភាគហ៊ុន និងប័ណ្ណបំណុលរដ្ឋាភិបាលអាម៉េរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ហើយមានអ្នកខ្លះកំពុងគិតគូរពីជម្រកសុវត្ថិភាពសម្រាប់ការវិនិយោគ និងទ្រព្យសម្បត្តិរបស់ខ្លួន។ ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកចង់ ឬមិនចង់វានឹងជះឥទ្ធិពលមិនល្អមួយចំនួនលើទីផ្សារភាគហ៊ុន និងការវិនិយោគលើប័ណ្ណបំណុលរបស់រដ្ឋាភិបាលអាម៉េរិក។ តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាម៉េរិកអាចជះឥទ្ធិពលយ៉ាងណាលើទីផ្សារភាគហ៊ុន និងប័ណ្ណបំណុលរបស់រដ្ឋាភិបាល?
ទីផ្សារភាគហ៊ុន
ដោយ

ការប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិតរវាងលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក កំពុងជំរុញឱ្យវិនិយោគិនគិតគូរពីជម្រកសុវត្ថិភាពសម្រាប់ការវិនិយោគ និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រោះពួកគេយល់ថា ទាំងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស មិនទាន់បានផ្តល់យុទ្ធសាស្រ្តសុវត្ថិភាពសម្រាប់ការវិនិយោគរបស់ពួកគេនៅឡើយទេ។

លោក ម៉ៃឃើល ប្រោន (Michael Brown) អ្នកយុទ្ធសាស្រ្តស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុនមួយបានលើកឡើងថា មិនថាអ្នកណាឈ្នះការបោះឆ្នោតនោះទេ គឺសុទ្ធតែជះឥទ្ធិពលលើទីផ្សារភាគហ៊ុនដូចគ្នា។ ប្រសិនបើលោក ត្រាំ ទទួលបានជ័យជម្នះ វាអាចបង្ហាញពីការប្រែប្រួលទីផ្សារបន្ថែមទៀតនៅក្នុងរយៈពេល២ឆ្នាំខាងមុខ ប៉ុន្តែប្រសិនបើលោកស្រី ហារីស ឈ្នះវិញ វាអាចផ្តល់ទស្សនវិស័យសេដ្ឋកិច្ចដែលមានស្ថិរភាពជាងមុនធ្វើឱ្យទីផ្សារហ៊ុនបន្តដំណើរទៅតាមកម្លាំងសេដ្ឋកិច្ចជាធម្មតា។

ការបោះឆ្នោតនេះ ក៏អាចជះឥទ្ធិពលដល់ប័ណ្ណបំណុលរដ្ឋាភិបាលអាម៉េរិក ផងដែរ។ រដ្ឋាភិបាលអាម៉េរិកបានលក់ចេញប័ណ្ណបំណុលយ៉ាងច្រើនកាលពីខែតុលា កន្លងទៅ ដោយសារកត្តាចម្បងចំនួនពីរ, ទីមួយ គឺទិន្នន័យការងារនៅក្នុងខែកញ្ញា បានបង្ហាញថា ទីផ្សារការងារនៅអាម៉េរិក មានភាពធន់ជាងការព្យាករបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់យ៉ាងច្រើនរបស់ធនាគារកណ្ដាលអាម៉េរិក កាលពីខែកញ្ញា ដែលធ្វើឱ្យតម្លៃមូលបត្របំណុលបានកើនឡើងជាលើកដំបូង។

ទីពីរ គឺគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទិន្នផលរតនាគាររបស់អាម៉េរិក ខណៈគោលនយោបាយរបស់លោកត្រូវបានគេរំពឹងថា នឹងជំរុញឱ្យអតិផរណាកើនឡើង ដែលនឹងជំរុញឱ្យធនាគារកណ្តាលអាម៉េរិក កាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។

ដូច្នេះជ័យជម្នះរបស់លោក ត្រាំ អាចបង្កើនការលក់ចេញប័ណ្ណបំណុលរដ្ឋាភិបាល ដោយសារគោលនយោបាយរបស់លោកទំនងជានឹងបង្កើនឱនភាពថវិកា និងបន្ថែមសម្ពាធអតិផរណាដែលបង្ខំឱ្យធនាគារកណ្តាលអាម៉េរិកទប់ស្កាត់ល្បឿននៃការកាត់បន្ថយអត្រាការប្រាក់។ ប៉ុន្តែបើលោកស្រី ហារីស ទទួលជ័យជម្នះវិញ វានឹងបន្តរក្សាដំណើរការទីផ្សារមូលបត្របំណុលបច្ចុប្បន្ននេះឱ្យនៅដដែល ដោយសារគោលនយោបាយរបស់លោកស្រី ក៏ទំនងជាបង្កើនបំណុល និងឱនភាពថវិការបស់រដ្ឋាភិបាលផងដែរ បើទោះបីជាអាចនឹងមានកម្រិតតិចជាងមុនយ៉ាងណាក៏ដោយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អះអាងថា ឧស្សាហកម្មកាត់ដេរនៅតែជាវិស័យសំខាន់ក្នុងការជួយរក្សាស្ថិរភាពសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យឧស្សាហកម្មកាត់ដេរ នៅតែជាវិស័យដ៏សំខាន់ និងមានភាពធន់ក្នុងការធានាដល…

ធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្ដាលនៃប្រទេសធំៗជាច្រើនអាចនឹងបញ្ចុះអត្រាការប្រាក់ជាថ្មីនៅសប្ដាហ៍នេះ ក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក

ធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្ដាលនៃប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើនទៀតក្នុងពិភពលោកត្រូវបានព្យាករយ៉ាងទូលំទូលាយថា នឹងបញ្ចុះអត្រាការប្រាក់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ