សហរដ្ឋអាមេរិកកំពុងសម្លឹងមើលជម្រើសដើម្បីពង្រីកទណ្ឌកម្មដាក់លើប្រទេសរុស្ស៊ីជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន ហើយនឹងមានរឿងរ៉ាវជាច្រើនទៀត ដែលអាមេរិកនឹងត្រូវប្រកាសឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ នេះបើតាមអ្នកនាំពាក្យសេតវិមានដែលបានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះ។
អ្នកនាំពាក្យដដែលនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅសេតវិមានថា លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបន្តពិនិត្យមើលជម្រើសពង្រីកការដាក់ទណ្ឌកម្មនេះ ហើយវានឹងមានព័ត៌មានបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ជុំវិញពីការដាក់ទណ្ឌកម្មនេះ។
សូមរំលឹកថា ក្នុងពេលកន្លងមកនេះលោក Biden បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុងបំណងដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ចំពោះការបង្កសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ស្របពេលនេះដែរ ប្រភពព័ត៌មានពីសហភាពអឺរ៉ុបបានប្រាប់រ៉យទ័រពីថ្ងៃពុធសប្ដាហ៍នេះដែរថា សហភាពអឺរ៉ុប៏បាននិងកំពុងត្រៀមខ្លួនដាក់ទណ្ឌកម្មថ្មីថែមទៀតលើប្រទេសរុស្ស៊ីរបស់លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ដើម្បីឆ្លើយតបចំពោះការឈ្លានពានទៅលើអ៊ុយក្រែន និងជាការសងសឹកចំពោះ ការតម្រូវឲ្យអឺរ៉ុបទូទាត់ថ្លៃទិញឧស្ម័នពីរុស្ស៊ីជារូបិយប័ណ្ណប្រាក់រូប្ល (rubles) របស់ប្រទេសរុស្ស៊ី។
គួររំលឹកដែរថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាននិយាយថ្មីៗនេះថា លោកចង់ឱ្យប្រទេស«ដែលមិនពេញចិត្តរុស្ស៊ី»រួមទាំងប្រទេសអឺរ៉ុបមួយចំនួនដែរនោះ បង់ថ្លៃទិញឧស្ម័នរបស់ពួកគេជាប្រាក់រូប្ល ប៉ុន្តែសំណើនេះត្រូវបានប្រទេសលោកខាងលិចច្រានចោលទាំងស្រុង។
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងរៀបចំផែនការជាក់ស្តែង នៅត្រឹមថ្ងៃព្រហស្បតិ៍នេះសម្រាប់ក្រុមហ៊ុនបរទេស ដើម្បីទូទាត់ថ្លៃឧស្ម័នរបស់ខ្លួនដែលបានទិញពីរុស្ស៊ី ជារូបិយបណ្ណប្រាក់រូប្ល ដោយគិតតាមហាងឆេងនៃអត្រាប្ដូរប្រាក់ដុល្លារ ឬអឺរ៉ូ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា បើក្រុមហ៊ុនបរទេសមិនធ្វើបែបនេះ គឺមិនអាចទិញឧស្ម័នពីរុស្ស៊ីបានទេព្រោះគ្មាននរណាម្នាក់នឹងផ្គត់ផ្គង់ឧស្ម័នដោយទទេៗនោះឡើយ។
ប្រភពព័ត៌មានបន្ថែមថា កញ្ចប់ថ្មីនៃការដាក់ទណ្ឌកម្មរបស់អឺរ៉ុបនេះ ដាក់ទៅលើរុស្ស៊ី អាចនឹងត្រៀមធ្វើឆាប់បំផុត គឺនៅសប្ដាហ៍ក្រោយនេះតែម្ដង។
ប្រភពនេះបានបញ្ជាក់ថា ពេលនេះគណៈកម្មការប្រតិបត្តិកំពុងពិគ្រោះជាមួយរដ្ឋាភិបាលសហភាពអឺរ៉ុបស្ដីពី«កញ្ចប់ទណ្ឌកម្មរួមគ្នា»ដែលមេដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ដើម្បីធានាថា ទណ្ឌកម្មដែលមានស្រាប់ហើយ គឺមិនចាំបាច់ឆ្លងកាត់ការពិភាក្សាទៀតនោះទេ ជាពិសេសគឺការប្រឆាំងនឹងបុគ្គលជាប់ក្នុងបញ្ជីខ្មៅតែម្ដង៕
អត្ថបទ៖ សុខ ជា