ក្រសួងពាណិជ្ជកម្មអាម៉េរិក បានអះអាងថា សហរដ្ឋអាម៉េរិក បានបន្ថែមក្រុមហ៊ុនចំនួន១៤០ទៀតចូលទៅក្នុងបញ្ជីអង្គភាព ដែលស្ថិតក្រោមការត្រួតពិនិត្យលើការនាំចេញបន្ទះឈីបទៅឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប និងក្រុមហ៊ុនផលិតសូហ្វវែររបស់ចិនផងដែរ។
គោលដៅថ្មីនេះបានដាក់បញ្ចូលក្រុមហ៊ុនចិនស្ទើរតែទាំងអស់នៅក្នុងបញ្ជីអង្គភាពត្រួតពិនិត្យទៅហើយ រួមទាំងក្រុមហ៊ុន SMIC និងក្រុមហ៊ុន Huawei ផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតឧបករណ៍បន្ទះសៀគ្វីដ៏កំពូលរបស់ចិន រួមទាំងក្រុមហ៊ុន Beijing Naura ក្រុមហ៊ុន ACM Research និងក្រុមហ៊ុន Piotech ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនេះផងដែរ។
ក្រសួងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា ចំណាត់ការដែលបានធ្វើស្រដៀងគ្នាដូចកាលពីខែតុលា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២៣ នេះ គឺមានបំណងកំណត់គោលដៅលើប្រព័ន្ធអេកូស៊ីបន្ទះឈីបនីតិបុគ្គល ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាម៉េរិក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) បាននិយាយថា ចំណាត់ការនេះ គឺជាចំណុចកំពូលនៃវិធីសាស្រ្តកំណត់គោលដៅរបស់រដ្ឋបាលលោក បៃដិន រួមផ្សំជាមួយសម្ពន្ធមិត្ត និងដៃគូរបស់អាម៉េរិក ដើម្បីបង្អាក់សមត្ថភាពរបស់ចិន ក្នុងការផលិតបច្ចេកវិទ្យាទំនើបៗ ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ របស់អាម៉េរិក។
រដ្ឋបាលលោក ចូ បៃដិន ក៏បានដាក់កំហិតលើការនាំចេញអង្គចងចាំកម្រិតទំនើប HBM ដែលមានប្រភពដើមមកពីសហរដ្ឋអាម៉េរិក ផងដែរ។ អង្គចងចាំ HBM គឺជាធាតុផ្សំដ៏សំខាន់មួយក្នុងការជួយដល់ការផ្ទេរទិន្នន័យយ៉ាងឆាប់រហ័សរវាងម៉ាស៊ីនផ្ទេរទិន្នន័យ ហើយក្រុមហ៊ុន SK Hynix ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Micron គឺជាអ្នកផ្តល់សេវាជាសកលដ៏សំខាន់សម្រាប់អង្គចងចាំ HBM៕
អត្ថបទ៖ សុខ មង្គល