ខាងក្រោមនេះ ជាអត្ថបទវិចារណកថារបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលបានផ្សព្វផ្សាយទៅដល់បណ្ដាញសារព័ត៌មានជុំវិញពិភពលោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ២០១៨។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence៖ សហរដ្ឋអាមេរិកស្វែងរកការសហការគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពុំមែនគ្រប់គ្រងនោះទេ
កាលពីឆ្នាំមុន នៅក្នុងប្រទេសវៀតណាម លោកប្រធានាធិបតី Trump បានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានភាពសេរីនិងបើកទូលាយ។ នៅសប្តាហ៍នេះ តាងនាមឲ្យលោកប្រធានាធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើង ស្តីពីការធ្វើឲ្យចក្ខុវិស័យនេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺមានភាពខ្ជាប់ខ្ជួននិងយូរអង្វែង។
យើងចង់ឲ្យតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក — ពីសហរដ្ឋអាមេរិកដល់ប្រទេសឥណ្ឌា ពីប្រទេសជប៉ុនដល់អូស្រ្តាលី និងតំបន់ទាំងអស់នៅក្នុងចន្លោះនោះ — ជាតំបន់ដែលអធិបតេយ្យភាពត្រូវបានគោរព ជាទីដែលលំហូរពាណិជ្ជកម្មគ្មានការរារាំង និងជាកន្លែងដែលប្រជាជាតិឯករាជ្យទាំងឡាយធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន។ តំបន់នេះមានផ្ទៃដីនិងចំនួនប្រជាជនជាងពាក់កណ្តាលនៃផ្ទៃដីនិងប្រជាជនពិភពលោកទាំងមូល ធ្លាប់មានភាពជឿនលឿនច្រើន នៅពេលគោលការណ៍ទាំងនេះត្រូវបានគេគោរព។ ថ្វីបើមានប្រទេសខ្លះចង់បំផ្លាញមូលដ្ឋានគ្រឹះនេះចោលក្តី តែសហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍របស់យើង និងលើកកម្ពស់ជោគជ័យរួមគ្នានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើងស្ថិតនៅលើសសរស្តម្ភធំៗបី។ វាចាប់ផ្តើមជាមួយនឹងវិបុលភាព។ ជំនួញ២ភាគ៣ របស់សាកលលោកទាំងមូលដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែកនៅឥណ្ឌូប៉ាស៊ីហ្វិក។ ជំនួញប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះមានជាង ១,៨លានលានដុល្លារ ដោយផ្តល់ការងារចំនួនជាង ៣,៣លាន នៅសហរដ្ឋអាមេរិក ហើយការវិនិយោគសរុបរបស់យើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានជិត ១លានលានដុល្លារ ពោលគឺមានចំនួនច្រើនជាងការវិនិយោគសរុបរួមគ្នារបស់ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសចិន។
ឱកាសរីកចម្រើនគឺគ្មានដែនកំណត់។ នៅត្រឹមដើមឆ្នាំ២០២០ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងមានមនុស្សស្ថិតក្នុងវណ្ណៈកណ្តាលចំនួន ៤០ភាគរយនៃមនុស្សវណ្ណៈកណ្តាលក្នុងពិភពលោក ដែលជាការបើកឡើងនូវសក្តានុពលដ៏ច្រើនអនេកសម្រាប់កម្មករ កសិករ និងក្រុមហ៊ុនបង្កើតការងាររបស់សហរដ្ឋអាមេរិក នាំចេញទំនិញរបស់ពួកគេមកកាន់ទីផ្សារដ៏ធំ និងកំពុងរីកចម្រើនទាំងនេះ។
នេះជាមូលហេតុដែលរដ្ឋបាលរបស់យើងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីដែលមានលក្ខណៈសេរី យុត្តិធម៌ និងមានទៅមានមក។
រដ្ឋបាលរបស់យើងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយទៀតរួចទៅហើយ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទៀតជាមួយប្រទេសម៉ិកស៊ិក និងកាណាដា។ យើងនឹងចាប់ផ្តើមចរចាជាមួយនឹងប្រទេសជប៉ុន ដែលជាប្រទេសដែលមានចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ៣ក្នុងពិភពលោក ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីទាំងនេះនឹងផ្តល់ឱកាសការងារដល់អ្នកធ្វើការអាមេរិកជាចម្បង។
ក្រៅពីពាណិជ្ជកម្ម សហរដ្ឋអាមេរិកនឹងបន្តសម្រួលការវិនិយោគច្រើនថែមទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រុមហ៊ុន មិនមែនអ្នកការិយាធិបតេយ្យទេ ដែលនឹងជំរុញកិច្ចខិតខំរបស់យើង ពីព្រោះរដ្ឋាភិបាល និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ ពុំមានលទ្ធភាពកសាងវិបុលភាពបានយូរអង្វែងបានទេ។
ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជនឡើងវិញនៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើពង្រាងច្បាប់ Build Act អោយទៅជាច្បាប់ ដែលពង្រីកសមត្ថភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសំរាប់ការសាងសង់ដល់ ៦០ ពាន់លានដុល្លារ។ ប្រទេសរបស់យើងប្តេជ្ញាជួយតំបន់នេះក្នុងការកសាងកំពង់ផែ ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវដែក បំពង់បង្ហូរ និងខ្សែទិន្នន័យថ្នាក់ពិភពលោក។ យើងនឹងគាំទ្រតែគម្រោងណាដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសម្ចាស់ផ្ទះ និងដល់យើង។
សសរស្តម្ភទី ២ របស់យើងគឺសន្តិសុខ ដែលជាគ្រឹះនៃវិបុលភាព។ នៅក្រោមយុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើង សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយបណ្ដាប្រទេសដែលមានគំនិតដូចយើង ដើម្បីប្រឈមនឹងការគំរាមកំហែងដ៏បន្ទាន់បំផុត ក្នុងតំបន់ រាប់ពីការរីកសាយអាវុធនុយក្លេអ៊ែរ រហូតដល់ភាពជ្រុលនិយម និងអំពើភេរវកម្ម។
គ្រាន់តែនៅឆ្នាំនេះ សហរដ្ឋអាមេរិកផ្តល់ប្រាក់ចំនួនជាងកន្លះពាន់លានដុល្លារ ជាជំនួយផ្នែកសន្តិសុខ។ ជំនួយនេះរួមមានជិត ៤០០ លានដុល្លាសំរាប់ផ្នែកយោធា - ច្រើនជាងជំនួយសរុបទាំងបីឆ្នាំមុននេះបញ្ចូលគ្នា។
យើងក៏នឹងផ្តល់ជំនួយថ្មីៗផងដែរដើម្បីជួយប្រជាជាតិនានាក្នុងការពារព្រំដែនគោក ព្រំដែនទឹក និងផ្នែកឌីយីថុលរបស់គេ ហើយយើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ។ សមយុទ្ធកងទ័ពជើងទឹករបស់យើង ថ្មីៗនេះ ជាមួយប្រទេសជប៉ុន និងឥណ្ឌាបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់យើង។
ដូចដែលខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក លើប្រទេសកូរ៉េខាងជើង។ ការប្តេជ្ញាចិត្តរបស់យើងបាននាំប្រទេសនោះចូលទៅកាន់តុចរចា ហើយយើងសូមអំពាវនាវដល់បណ្តាប្រជាជាតិនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទាំងអស់ អោយរក្សាយុទ្ធនាការដាក់សម្ពាធ រួមទាំងការដាក់ទណ្ឌកម្ម រហូតដល់យើងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ នៅឧបទ្វីបកូរ៉េ។
នៅទីបញ្ចប់ យើងគាំទ្រដល់រដ្ឋាភិបាលដែលមានតម្លាភាព និងមានការឆ្លើយតប គាំទ្រនីតិរដ្ឋ ការការពារសិទ្ធិបុគ្គល រួមទាំងសេរីភាពសាសនា។ ប្រជាជាតិដែលផ្តល់អំណាចដល់ប្រជាពលរដ្ឋរបស់ពួកគេ លើកកម្ពស់សង្គមស៊ីវិល ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពារអធិបតេយ្យភាពរបស់ពួកគេ គឺជាប្រទេសរឹងមាំសម្រាប់ប្រជាជនរបស់គេ ហើយជាដៃគូល្អម្រាប់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ប្រទេសដែលសង្កត់សង្កិនលើប្រជាជនរបស់ខ្លួន ច្រើនតែ រំលោភលើអធិបតេយ្យភាពរបស់ប្រទេសជិតខាងខ្លួនផងដែរ។ ភាពផ្តាច់ការនិងការឈ្លានពានមិនត្រូវមាននៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទេ។
ក្នុងអំឡុងពេលសប្តាហ៍នេះ គណៈប្រតិភូរបស់យើងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំនៃមេដឹកនាំ APEC ។ យើងនឹងប្រកាសពីកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមថ្មីៗ ដែលមានច្រើនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុច្រើន ពីអ្នកបង់ពន្ធអាមេរិក និងបណ្តាក្រុមហ៊ុនរបស់យើង។ យើងនឹងបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ចំពោះភាពជាដៃគូជាបន្ត ។ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសដែលមានគំនិតដូចយើង -រាប់ពីប្រទេសឥណ្ឌាដល់បណ្តាកោះនៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង។ យើងនឹងប្រឆាំងអ្នកណាដែលគំរាមកំហែងផលប្រយោជន៍ និងគុណតម្លៃរបស់យើង។
សហរដ្ឋអាមេរិកស្វែងរកការសហការ មិនមែនការគ្រប់គ្រងទេ។ លោកប្រធានាធិបតីបានប្រកាសពីការប្តេជ្ញាចិត្តជាថ្មីរបស់យើងចំពោះតំបន់នេះ កាលពីមួយឆ្នាំមុន។ សប្តាហ៍នេះ វាជាសិទ្ធិរបស់ខ្ញុំក្នុងការបង្ហាញការតាំងចិត្តរបស់យើង ជាមួយនឹងសកម្មភាព និងការវិនិយោគបន្ថែមទៀត។ សន្តិសុខជាតិ និងវិបុលភាពរបស់ប្រទេសយើងពឹងផ្អែកលើតំបន់ដ៏សំខាន់នេះ ហើយសហរដ្ឋអាមេរិកនឹងបន្តធានាថាប្រទេសទាំងធំ ទាំងតូចអាចរីកចម្រើន និងសម្បូរសប្បាយ នៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ៕