អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់ រ៉យទ័រ នាសប្ដាហ៍នេះថា ក្រសួងសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យរកឃើញនិងពិន័យទៅលើក្រុមហ៊ុនទាំងនោះ ដែលបានបំពានបំរាមគយរបស់អាមេរិក ប៉ុន្តែ លោកមិនបានបង្ហាញឈ្មោះក្រុមហ៊ុនឬពិន័យយ៉ាងដូចម្តេចនោះទេ។
លោកក៏មិនបាននិយាយថា តើមានក្រុមហ៊ុនប៉ុន្មានដែលត្រូវបានគេពិន័យឬក៏នាំទំនិញប្រភេទអ្វីនោះទេ។
លោក Arend Zwartjes បាននិយាយដូច្នេះថា ៖ «ក្រសួងសន្ដិសុខជាតិបានត្រួតពិនិត្យនិងពិន័យក្រុមហ៊ុនមួយចំនួនដែលគេចវេះពន្ធនៅសហរដ្ឋអាមេរិក ដោយបញ្ជូនទំនិញតាមប្រទេសកម្ពុជា។»
លោក Arend Zwartjes បន្តថា ៖ «ក្រុមហ៊ុនទាំងនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។»
យោងតាមគេហទំព័ររបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វាគឺជាតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបង្កើតឡើងដោយសហគ្រាសចិននិងកម្ពុជាដែលជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ក៏មានក្រុមហ៊ុនផលិតផលិតផល ដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូបនិងផលិតផលស្បែកនិងឧបករណ៍ផ្សេងៗផងដែរ។
ដោយសារប្រព័ន្ធអនុគ្រោះទូទៅ (GSP) កម្ពុជាអាចនាំចេញទំនិញធ្វើដំណើរ ដូចជា កាបូប ទៅកាន់សហរដ្ឋអាមេរិកដោយមិនត្រូវបង់ពន្ធ។
ធនាគារពិភពលោក បានឱ្យដឹងកាលពីខែមេសា ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្លាំង កាលពីឆ្នាំមុន (ឆ្នាំ២០១៨) ក៏ដោយសារតែមានកំណើនការនាំចេញទៅអាមេរិកដែរ៕