វ៉ាក់សាំងកូវីដ-១៩

ប្រទេសមហាអំណាចធំៗ​អួតថា វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួន​កំពុង​ផលិត​ មានប្រសិទ្ធភាពដល់ទៅ ៩០%


ក្រុមហ៊ុននៃប្រទេសមហាអំណាចធំៗក្នុងសកលោកដូចជាអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី បានប្រកាសថា ពួកគេបានផលិតវ៉ាក់សាំង កូវីដ-១៩ ដោយបានធ្វើតេស្ដជាបន្ដបន្ទាប់ទៅ ឃើញថាថ្នាំវ៉ាក់សាំងនោះ គឺមានប្រសិទ្ធភាពដល់ទៅ ៩០%ឯណោះ ដែលនេះ វាអាចចាត់ទុកថា ជាដំណឹងមួយដ៏ល្អមួយក្នុងការឈានទៅរកជោគជ័យក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយ។
ប្រទេសមហាអំណាចធំៗកំពុងផលិតវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពដល់ទៅ ៩០% (រូបភាព៖ Reuters)
ដោយ

ក្រុមហ៊ុន​ផលិត​ឱសថ Pfizer និង Biontech របស់​សហរដ្ឋ​អាមេរិក សហការ​ជាមួយ អាល្លឺម៉ង់ បានអះអាងថា វ៉ាក់សាំង ប្រឆាំង​មេរោគ​កូវីដ-១៩ ដែលត្រូវ​បាន​ធ្វើតេស្ត​នៅក្នុង​ដំណាក់​កាល​ទី ៣ គឺមាន​ប្រសិទ្ធភាព​ដល់ទៅ ៩០% ផ្អែកទៅលើ​លទ្ធផល​សាកល្បង​ដំណាក់កាល​ដំបូង ដែលត្រូវ​បានចាត់ទុក​ជា ជ័យជម្នះ​មួយ ប្រឆាំង​នឹងមេរោគ​ដ៏កាច​សាហាវ ដែលបាន​សម្លាប់​មនុស្ស​រាប់លាន​នាក់។ ក្រៅពីនោះ ប្រទេសរុស្ស៊ី ក៏បាន​អះអាង​ដែរថា វ៉ាក់សាំង​របស់ខ្លួន ក៏មាន​ប្រសិទ្ធភាព​ដល់ទៅ ៩០% ដូចគ្នាដែរ ដោយផ្អែក​ទៅលើ ទិន្នន័យ​ព្យាបាល​ជាក់ស្តែង មិនមែន​តេស្ត​សាកល្បង​នោះឡើយ។

ទាំងអ្នកវិទ្យាសាស្រ្ត មន្រ្តី​សុខាភិបាល និងវិនិយោគិន សុទ្ធតែ​ស្វាគមន៍​ចំពោះ​ដំណឹងនេះ ដោយរំពឹង​ថា វ៉ាក់សាំង នឹងអាច​ជួយស្រោចស្រង់​ភាពក្រឡាប់​ចាក់​របស់​សកលលោក​បាន នៅពេល​ដែលការ​ធ្វើតេស្ត​សាកល្បង បញ្ចប់​ជាផ្លូវការ។

ទោះយ៉ាងណា​ក៏ដោយ ដើម្បី​អាច​ផលិតវ៉ាក់សាំង​បាន​ច្រើននោះ ក្រុមហ៊ុន ត្រូវការ​ច្បាប់​អនុញ្ញាត​ជាមុនសិន ដោយរំពឹង​នឹងទទួល​បានការ​សម្រេច​ចិត្តពី រដ្ឋាភិបាល​អាមេរិក ក្នុងខែ​ធ្នូ​ខាង​មុខនេះ ហើយបើ​សិន​ជា ក្រុមហ៊ុន ទទួលបាន​សិទ្ធិហើយ នោះអាច​នឹង​ផលិត​បាន​ប្រមាណ ៥០លាន​វ៉ាក់សាំង ក្នុងឆ្នាំ ២០២០នេះ ដែលអាច​ជួយ​មនុស្សបាន ២៥លាន​នាក់ នឹងអាច​បន្ត​ផលិត​បាន ១ពាន់ ៣រយលាន​វ៉ាក់សាំង ក្នុងឆ្នាំ ២០២១​បន្ថែម​ទៀត។

អនាគត​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក បានលើក​ឡើងថា ដំណឹងនេះ គឺពិតជា​ល្អណាស់ ក៏ប៉ុន្តែ ការពាក់​ម៉ាស់ ការរក្សា​គម្លាត​សង្គម និងការអនុវត្ត​តាម​វិធានការ​សុខភាព​ផ្សេងៗ គឺជារឿង​សំខាន់ និងចំាបាច់​បំផុត សម្រាប់​ឆ្នាំ ២០២០នេះ និងឆ្នាំ ២០២១​ខាងមុខ។

ប្រធានអង្គការ​សុខភាព​ពិភពលោក បានចាត់​ទុកលទ្ធផល​នៃការធ្វើតេស្ត​នេះ គឺជារឿង​វិជ្ជមាន​បំផុត ក៏ប៉ុន្តែ ក៏បាន​ព្រមាន​ដែរថា បញ្ហា​កង្វះខាត​ថវិកា​ឧបត្ថម្ភ​ជាង ៤ពាន់ ៥រយលាន​ដុល្លារ​អាមេរិក នឹងបង្កជា ភាពយឺត​យ៉ាវដល់ ការធ្វើតេស្ត ផលិត​ឱសថ និងវ៉ាក់សាំង នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ខ្នាតតូច និងមធ្យម។

ជាក់ស្តែង ក្រុមហ៊ុន​ផលិតឱសថ​ Pfizer និង Biontech​ បានចុះកុង​ត្រា​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន ដូចជា រដ្ឋាភិបាល​អាមេរិក​ខ្លួនឯងផ្ទាល់ បានចុះកុងត្រា​តម្លៃ ២ពាន់​លាន​ដុល្លារ​អាមេរិក ដែលគ្រោង​ចាប់ផ្តើម​ទទួល​វ៉ាក់សាំង ១០០លាន តាំងពី​ដើមឆ្នាំ ២០២០នេះ, សហភាពអឺរ៉ុប ចុះ​កុងត្រា​ទិញ ៣០០​លាន​វ៉ាក់សាំង និងមាន​កុងត្រា​ជាមួយ ចក្រភព​អង់គ្លេស កាណាដា និងជប៉ុនជាដើម។

យ៉ាងណាក៏ដោយចុះ ព័ត៌មាន​សំខាន់ៗ​អំពីវ៉ាក់សាំង គឺ​ពុំទាន់​ត្រូវបាន​បង្ហាញ​នោះទេ ថាតើ វ៉ាក់សាំង​ប្រភេទនេះ អាច​ការពារ​កុំឲ្យមាន​ករណី​ឆ្លងធ្ងន់ធ្ងរ រហូតដល់​ថ្នាក់ឈឺ​ខ្លាំង​ចូលមន្ទីរ​ពេទ្យ ឬស្លាប់នោះទេ ហើយក៏​ពុំបាន​បង្ហាញថា វាអាច​ការពារ​អ្នកផ្ទុក​មេរោគ កុំឲ្យ​ចម្លង​ទៅអ្នក​ដទៃ​បាន ឬយ៉ាងណា​នោះដែរ។

បន្ទាប់ពីការ​ប្រកាស​អំពី ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ អាមេរិក ប្រទេសរុស្ស៊ី ក៏បាន​លើក​ឡើងអំពី វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ១៩ របស់ខ្លួន ដែលមាន​ឈ្មោះថា Sputnik V ថាមាន​ប្រសិទ្ធភាព​លើស​ពី ៩០% ដូចគ្នាដែរ ដោយផ្អែក​លើទិន្នន័យ​បានមកពី​សាធារណជន​ផ្ទាល់​តែម្តង។

គួរជម្រាបដែរថា ក្រុមអ្នក​ស្រាវជ្រាវ និងអ្នក​ផលិតឱសថ ជុំវិញ​សកលលោក នៅតែ​បន្ត​ប្រលង​ប្រណាំង​ ក្នុងការអភិវឌ្ឍ​បង្កើត​វ៉ាក់សាំង​នេះឡើង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងមេរោគ​ឆ្លងកូវីដ-១៩ ​ដែលបាន​កើនឡើង​លើស ៥០លាន​ករណី​ទៅហើយ៕

None



អត្ថបទបន្ទាប់


ឡាវនាំចេញទៅវៀតណាម មានកំណើនវិជ្ជមាន ទោះបីជាមានវិបត្តិមេរោគកូវីដ-១៩

ការនាំចេញទំនិញរបស់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសវៀតណាម ក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២០នេះ សម្រេចបានប្រមាណ ៧៥៨លានដុល្លារអាមេរិក រក្សាប…

កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជាង ៥% នៅ៩ខែ ឆ្នាំ២០២០

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងដើមឆ្នាំ ២០២០នេះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ