កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនដែកថែបអាម៉េរិក US Steel បានប្រកាសលក់ក្រុមហ៊ុនទៅឱ្យក្រុមហ៊ុនដែក Nippon Steel របស់ជប៉ុនក្នុងតម្លៃដែលភាគីទាំង២បានព្រមព្រៀងគ្នាជាង១៤ពាន់លានដុល្លារ ប៉ុន្តែក្រុមសហជីបកម្មករបស់ក្រុមហ៊ុនដែកអាម៉េរិកនេះមិនបានគាំទ្រចំពោះកិច្ចព្រមព្រៀងនេះទេ ដោយពួកគេចង់ឱ្យក្រុមហ៊ុនអាម៉េរិកមួយនេះលក់ទៅឱ្យក្រុមហ៊ុនក្នុងស្រុកណាមួយជំនួសឱ្យការលក់ទៅឱ្យក្រុមហ៊ុនបរទេសបែបនេះ។
ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់អាម៉េរិក លោក ឡាអែល ប្រេណាដ (Lael Brainard) ថា លោក បៃដិន បាននិយាយថា ដែកថែបរបស់អាម៉េរិក គឺជាផ្នែកដ៏សំខាន់មួយនៃឃ្លាំងប្រជាធិបតេយ្យរបស់អាម៉េរិកនៅក្នុងសង្គ្រាមលោកលើកទី២ ហើយវានៅតែជាធាតុផ្សំដ៏សំខាន់នៃផលិតកម្មដែកក្នុងស្រុកទាំងមូល ដែលសំខាន់ចំពោះសន្តិសុខជាតិរបស់អាម៉េរិក។
ការបញ្ជាក់របស់លោក ចូ បៃដិន នេះបានបង្ហាញពីការកគាំទ្រចំពោះគណៈកម្មាធិការស្ដីពីការវិនិយោគបរទេសរបស់សហរដ្ឋអាម៉េរិក (CFIUS) ដែលជំរុញឱ្យមើលឡើងវិញនូវកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន US Steel ហើយរដ្ឋបាលរបស់លោក បៃដិន នឹងត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលដោយប្រុងប្រយ័ត្នលើលទ្ធផល នៃការស៊ើបអង្កេតបែបនេះ ហើយនឹងចាត់វិធានការតាមការសមស្រប។
គណៈកម្មាធិការ CFIUS គឺជាគណៈកម្មាធិការអន្តរកម្មមួយ ដែលពិនិត្យការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក ហើយគណៈកម្មាធិការនេះអាចណែនាំឱ្យគេប្លុកកិច្ចព្រមព្រៀងបែបនេះនៅក្នុងករណីដែលពួកគេប្រឈមនឹងការបាត់បង់ការប្រកួតប្រជែងនៅអាម៉េរិក ឬក៏បាត់ព័ត៌មានដ៏មានតម្លៃ។
គណៈកម្មាធិការ CFIUS នេះបានផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនខ្លាំងទៅលើការវិនិយោគពីប្រទេសដែលត្រូវបានចាត់ទុកថា បង្កហានិភ័យផ្នែកសន្តិសុខដូចជាប្រទេសចិនជាដើម ហើយវាជាទង្វើមិនធម្មតាមួយសម្រាប់ប្រធានាធិបតីក្នុងការបង្ហាញការគាំទ្រចំពោះការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពីសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាម៉េរិកបែបនេះ៕
អត្ថបទ៖ សុខ ជា