យោងតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក ម្លៃទំនិញប្រើប្រាស់បានកើនឡើងជិត៧% នៅខែវិច្ឆិកាឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល ជាកំណើនដ៏ខ្ពស់បំផុតរបស់អាមេរិក ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨២មក។ កំណើននេះត្រូវបានគេអះអាងថា ដោយសារតម្លៃប្រេងសាំង ឡើងថ្លៃ ការជួលទូទៅ ថ្លៃអាហារ និងទំនិញផ្សេងទៀតបានបន្តកើនឡើងតម្លៃផងដែរ។
ទិន្នន័យខាងលើបង្ហាញសញ្ញាថា រលកអតិផរណាអាចនឹងឈានដល់កម្រិតកំពូល ដែលវានឹងដាក់ការទទួលខុសត្រូវខ្ពស់ប្រសម្រាប់ធានាធិបតីអាមេរិក លោក ចូ បៃដិន ស្របពេលដែលគណបក្ស សាធារណៈរដ្ឋ តែងតែប្រឆាំងមិនពេញចិត្ត នឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោកនោះឡើយ។
យ៉ាងណាមិញ លោកបៃដិន បានឆ្លើយតបនឹងទិន្នន័យខាងលើវិញថា វាមិនបានរួមបញ្ចូលតួលេខធ្លាក់ចុះនៃតម្លៃថាមពល និងតម្លៃរថយន្តជជុះ កាលពីពេលថ្មីៗនេះទេ។ លោកបន្ថែមថា កំណើនអតិផរណា បច្ចុប្បន្នឆ្លុះបញ្ចាំងពីសម្ពាធសេដ្ឋកិច្ច ដែលប្រទេសជុំវិញពិភពលោកកំពុងប្រឈម នៅពេលគេព្យាយាមងើបចេញពីវិបត្តិជំងឺរាតត្បាតសកល។
សម្ពាធសេដ្ឋកិច្ចក៏ដោយសារតែការចាប់ផ្តើមឡើងវិញ នៃសកម្មភាពមនុស្ស និងសេដ្ឋកិច្ច ធ្វើឲ្យតម្រូវការទំនិញមានច្រើន តែការផ្គត់ផ្គង់ មិនឆ្លើយនឹងតម្រូវការ ជាហេតុធ្វើឲ្យទំនិញឡើងថ្លៃ។
សូមជម្រាបថា អតិផរណានៅអាមេរិក បានបន្តកើនឡើងពីមួយខែទៅមួយខែក្នុងឆ្នាំ ២០២១នេះ។ ជាក់ស្តែង ពីខែតុលា មកខែវិច្ឆិកា ឆ្នាំនេះអតិផរណាអាមេរិក កើនឡើង ០,៨%បន្ថែមទៀត។
សូមបញ្ជាក់ថា ថ្មីៗនេះដែរ សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ទម្លាក់ការព្យាករកំណើនមកនៅត្រឹម ៣,៨% ប៉ុណ្ណោះ ដោយសារមើលឃើញពីហានិភ័យនៃភាពមិនច្បាស់លាស់ទាក់ទងនឹងមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងបន្ដរីករាលដាលនៅប្រទេសជាច្រើនទូទាំងសកលលោក៕