មេភ្នាក់ងារចារកម្មអាមេរិកបានប៉ាន់ប្រមាណថា គិតតាំងពីមានផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនមក អាចមានទាហានរុស្ស៊ីពី ២ពាន់ទៅ៤ពាន់ នាក់បានស្លាប់ ហើយបានអះអាងទៀតថា រុស្ស៊ីកំពុងទទួលរងឥទ្ធិពលនៃទណ្ឌកម្មពីលោកខាងលិចជាច្រើន។ យ៉ាងណាសម្រាប់អ៊ុយក្រែន អាចធ្វើឲ្យមានស្ថានភាពកាន់តែអាក្រក់សម្រាប់អ៊ុយក្រែន ដោយសារការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកនៅក្នុងទីក្រុងកៀវ អាចនឹងអស់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារឥតឈប់ឈរ។
ចារកម្មអាមេរិកបានឲ្យដឹងបន្ថែមទៀតថា ការប្រកាសរបស់លោកពូទីនកាលពីសប្តាហ៍មុន ដែលលោកបានចាត់ឲ្យកងកម្លាំងនុយក្លេអ៊ែរប្រុងជើងការកំរិតខ្ពស់ គឺជារឿងកម្រ និងខុសពីធម្មតាខ្លាំងណាស់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៦០មក។ ប៉ុន្តែអ្នកវិភាគស៊ើបការណ៍សម្ងាត់របស់អាមេរិកដដែល មិនបានសង្កេតឃើញពីការរំកិលគ្រាប់មីស៊ីល ឬសកម្មភាពខុសប្រក្រតីណាមួយ នៅទីតាំងបាញ់គ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីឡើយ។
ជុំវិញនឹងការលើកឡើងរបស់ចារកម្មអាមេរិកនេះដែរ អគ្គលេខាធិការអង្គការណាតូឯណោះវិញគឺ លោក ជេន ស្តូលធេនប៊ឺក(Jens Stoltenberg) បាននិយាយអះអាងថា រុស្ស៊ីកំពុងកំណត់គោលដៅវាយប្រហារលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនកាន់តែច្រើនឡើងៗហើយ លោកស្តូលធេនប៊ឺក បានជំរុញឱ្យទីក្រុងម៉ូស្គូបញ្ចប់សង្គ្រាមនេះ។ ប្រមុខដឹកនាំអង្គការណាតូរូបនេះ សច្ចាផងដែរថា នឹងមិនអនុញ្ញាតឱ្យវារីករាលដាលហួសចេញពីអ៊ុយក្រែនឡើយ។
អគ្គលេខាធិការអង្គការណាតូ សង្កត់ធ្ងន់ថា ណាតូមានទំនួលខុសត្រូវក្នុងការធានាថា សង្គ្រាមនេះនឹងមិនរីករាលដាល ឮហួសពីអ៊ុយក្រែន បន្តទៅដល់ប្រទេសផ្សេងទៀតនោះឡើយ ហើយណាតូនឹងការពារ គ្រប់ទឹកដីនៃទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់។
ការលើកឡើងបែបនេះពីប្រមុខដឹកនាំណាតូ ទំនងជាចង់ផ្ញើរសារច្បាស់ៗទៅលោកពូទីន កុំឲ្យមានគំនិតចង់ឆ្លៀតឱកាសឈ្លានពាន ឬវាយប្រហារទៅលើប្រទេសដទៃទៀត ដែលនៅក្បែរខាងអ៊ុយក្រែន ហើយមានប្រទេសខ្លះជាសមាជិកណាតូផងនោះ។ កន្លងមកមានការព្រួយបារម្ភជាខ្លាំង,បារម្ភគឺនៅត្រង់ថា សង្គ្រាមនៅអ៊ុយក្រែនអាចរាលដាលទៅប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ដែលអាចបង្កជាសង្គ្រាមលោកលើកទី៣។ ចូរកុំភ្លេចថា សង្គ្រាមបង្ហូរឈាមធំៗទាំងពីរក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺសង្គ្រាមលោកលើកទី១ និងទី២សុទ្ធសឹងតែបានផ្តើមចេញពីទ្វីបអឺរ៉ុប ទើបរាលដាលទៅពាសពេញពិភពលោកជាក្រោយ។
ដោយឡែក ប្រទេសតូចៗនៅអឺរ៉ុបពិសេសអ្នកដែលមានព្រំដែនជាមួយអ៊ុយក្រែន ហើយដែលមិនមែនជាសមាជិកណាតូ និងមិនមែនសូម្បីតែជាសមាជិក របស់សហភាពអឺរ៉ុប ផងនោះ ឃើញថាបានរូតរះស្នើសុំចូលជាសមាជិករបស់ EU ជាបន្តបន្ទាប់ ដូចជាប្រទេស ម៉ូលដាវី និងហ្សកហ្ស៊ីជាដើម។ ប្រទេសទាំង២នេះបារម្ភថា រុស្ស៊ីអាចនឹងឆ្លៀតឱកាសក្តោបយកប្រទេស នៅពេលដែលខ្លួនគ្មានខ្នងបង្អែក៕