វិស័យសេដ្ឋកិច្ច

ក្រៅពីហ៊ុមព័ទ្ធ​សេដ្ឋកិច្ច អាម៉េរិក ចោទប្រកាន់បទព្រហ្មទណ្ឌលើអតីតមេដឹកនាំគុយបា ដើម្បីបង្កើនសម្ពាធ


បើទោះបីជាសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បង្ហាញសញ្ញា ឬផែនការវាយប្រហារយោធាភ្លាមៗលើប្រទេសគុយបា ក៏ដោយ ប៉ុន្តែប្រទេសមហាអំណាចកំពូលរបស់ពិភពលោកមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការបន្ថែមសម្ពាធកាន់តែខ្លាំងលើប្រទេសនេះ។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋបាល​លោក ត្រាំ កំពុងអនុវត្តគោលនយោបាយរឹតបន្តឹង និងដាក់សម្ពាធជាអតិបរមាលើគុយបា ក្នុងគោលបំណងធ្វើឱ្យរដ្ឋាភិបាលកុម្មុយនីស្ត នៃប្រទេសកោះមួយនេះចុះខ្សោយ និងដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូរនយោបាយ។
ក្រៅពីហ៊ុមព័ទ្ធ​សេដ្ឋកិច្ច អាម៉េរិក ចោទប្រកាន់បទព្រហ្មទណ្ឌលើអតីតមេដឹកនាំគុយបា ដើម្បីបង្កើនសម្ពាធ
ដោយ

កាលពីថ្ងៃទី២០ ខែឧសភា ព្រះរាជអាជ្ញាសហព័ន្ធអាម៉េរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្រ្តូ (Raúl Castro) ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់យន្តហោះស៊ីវិល កាលពីឆ្នាំ១៩៩៦ ខណៈដែលបច្ចុប្បន្នរដ្ឋបាលលោក ត្រាំ ក៏កំពុងតែហ៊ុមព័ទ្ធសេដ្ឋកិច្ច និងបិទខ្ទប់ការនាំចូលប្រេងទៅកាន់ប្រទេសនេះផងដែរ។ ការចោទប្រកាន់នេះក្រោយលោក រ៉ាអ៊ូល ដែលបច្ចុប្បន្នមានអាយុ៩៥ឆ្នាំទៅហើយនោះ ធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គុយបា កាលពីឆ្នាំ១៩៩៦។ ការចោទប្រកាន់នេះត្រូវបានដាក់ជូនជាសម្ងាត់ដោយគណៈវិនិច្ឆ័យតាំងពីខែមេសាម្ល៉េះ ដែលក្នុងនោះរួមមានបទចោទប្រកាន់ពីបទឃាតកម្ម និងការបំផ្លិចបំផ្លាញយន្តហោះ។
លោក ថូត ប្លេន (Todd Blanche) អគ្គព្រះរាជអាជ្ញាស្តីទីរបស់អាម៉េរិក បានលើកឡើងនៅក្នុងពិធីមួយនៅទីក្រុងម៉ៃអាមី (Miami) ដែលរៀបចំឡើងចំថ្ងៃទិវាឯករាជ្យរបស់គុយបា ថា អស់រយៈពេលជិត៣០ឆ្នាំមកហើយ ដែលក្រុមគ្រួសាររបស់ជនជាតិ អាម៉េរិក ដែលបានបាត់បង់ជីវិតក្នុងករណីបាញ់ទម្លាក់យន្តហោះនោះ ទន្ទឹងរង់ចាំយុត្តិធម៌។ ពាក់ព័ន្ធនឹងវិធានការច្បាប់វិញលោក ប្លេន បានបញ្ជាក់ថា ដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ត្រូវបានចេញរួចរាល់ហើយ។
ជុំវិញវិធានការណ៍ក្តៅនេះ ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា ការចោទប្រកាន់ទាំងនេះបានបង្កើតជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់គុយបា បន្ទាប់ពីអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងសហរដ្ឋអាម៉េរិក ចាប់ខ្លួន កាលពីខែមករា កន្លងទៅ ដើម្បីយកទៅកាត់ទោសពីបទល្មើសគ្រឿងញៀននៅទីក្រុងញូវយ៉ក។
ភ្លាមៗក្រោយការប្រកាសចោទប្រកាន់នេះ ប្រធានាធិបតីគុយបាបច្ចុប្បន្នលោក មីកែល ឌីអា ខាណែល (Miguel Díaz-Canel) បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរថា នេះគ្រាន់តែជាល្បិចកលនយោបាយថោកទាប ដែលព្យាយាមរកលេសមកធ្វើជាភាពត្រឹមត្រូវ សម្រាប់ការឈ្លានពានផ្នែកយោធាប្រឆាំងនឹងប្រទេសគុយបា តែប៉ុណ្ណោះ។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានភូតកុហក និងរៀបចំឆាកល្ខោនជុំវិញព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះនេះ ព្រមទាំងបានមើលរំលងការព្រមានជាច្រើនលើកច្រើនសារពីមន្ត្រីឆ្មាំដែនអាកាសគុយបា នាពេលនោះ ដែលថា ពួកគេនឹងការពារទឹកដីប្រឆាំងនឹងការរំលោភបំពានដែនអាកាសដ៏គ្រោះថ្នាក់របស់គុយបា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ប្ដឹងក្រុមហ៊ុនវៀតណាម VinFast ក្រោយបរាជ័យលើគម្រោងសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី និងអាគុយរថយន្ដ

រដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាម៉េរិក បានប្តឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ក្រោយក្រុមហ៊ុននេះ បរាជ័យក្នុងការបំពេញតាមការប្តេ…

វៀតណាម ត្រូវបានគេរំពឹងថានឹងក្លាយជាខ្លាសេដ្ឋកិច្ច​ប្រចាំតំបន់​អាស៊ី ដោយផ្អែកកត្តាសំខាន់៧យ៉ាង

ប្រទេសវៀតណាម ​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្រើន​​ឡើង​ថា អាចនឹងក្លាយជា​ខ្លាសេដ្ឋកិច្ច​បន្ទាប់​ប្រចាំតំបន់អាស៊ីនា​ពេល​អនាគត ពី​ព្រោះ​​ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ