តើចំណុចខ្លាំងទាំង៧របស់វៀតណាម ដើម្បីអាចក្លាយជាខ្លាសេដ្ឋកិច្ចបន្ទាប់ប្រចាំអាស៊ីមានអ្វីខ្លះ?
នៅក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ប្រទេសវៀតណាម បានផ្លាស់ប្តូរពីសេដ្ឋកិច្ចក្រីក្រដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ពិភពលោក។ ក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោករួមមាន ក្រុមហ៊ុន Samsung ក្រុមហ៊ុន Intel ក្រុមហ៊ុន Foxconn និងក្រុមហ៊ុន LG Electronics ជាដើម បានរើរោងចក្រមកកាន់វៀតណាមជាផ្នែកមួយនៃយុទ្ធសាស្ត្រចិន+១។
ចំណុចខ្លាំងទាំង៧យ៉ាងរបស់វៀតណាម ដែលអាចធ្វើឱ្យប្រទេសនេះក្លាយជាខ្លាសេដ្ឋកិច្ចបន្ទាប់ប្រចាំអាស៊ី រួមមាន កំណើននាំចេញដ៏រឹងមាំ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល, រំហូរចូលវិនិយោគបរទេសយ៉ាងច្រើនសម្បើម, កម្លាំងពលកម្មវ័យក្មេងច្រើន មានការអប់រំខ្ពស់ និងតម្លៃទាប, វិស័យផលិតកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស, រដ្ឋាភិបាលផ្ដោតយកចិត្តទុកដាក់ខ្លាំងលើអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ផ្លូវថ្នល់ និងភ័ស្តុភារ, យុទ្ធនាការប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ដើម្បីកាត់បន្ថយការគ្រប់គ្រងរបស់រដ្ឋលើសេដ្ឋកិច្ច និងការគាំទ្រកាន់តែខ្លាំងឡើងសម្រាប់អាជីវកម្មឯកជន និងនវានុវត្តន៍បច្ចេកវិទ្យា។
ទន្ទឹមនេះប្រទេសវៀតណាម ក៏កំពុងផ្លាស់ប្តូរពីការផលិតផលិតផលដែលមានតម្លៃទាបដូចជា
វាយនភណ្ឌទៅឧស្សាហកម្ម ដែលមានតម្លៃខ្ពស់ដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងការផលិតបច្ចេកវិទ្យាផងដែរ។
រដ្ឋាភិបាលសង្ឃឹមថា វៀតណាម អាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ហើយដើម្បីទទួលបានជោគជ័យ ប្រទេសនេះនៅតែត្រូវការកែលម្អនវានុវត្តន៍ ពង្រឹងវិស័យធនាគារ កាត់បន្ថយអំពើពុករលួយបន្ថែមទៀត និងជួយក្រុមហ៊ុនក្នុងស្រុកបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួន និងបង្កើត Brand ឬម៉ាកយីហោអន្តរជាតិជំនួសឱ្យការដំឡើងផលិតផលសម្រាប់ក្រុមហ៊ុនបរទេសតែមួយមុខ៕
ដោយ: តែម សុខុម