ការព្រមព្រៀងគ្នារវាងលោក ចូបៃ ឌិន និងលោក គីហ្ស៊ីដានេះ គឺធ្វើឡើងនៅក្នុងជំនួបតាមអនឡាញមួយដែលបានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ។
នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិកគឺជាកិច្ចពិភាក្សាដ៏សំខាន់ដំបូងគេមួយរបស់លោក គីហ្ស៊ីដា តាំងតែពីរូបលោកបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនកាលពីខែតុលា មក។ ជំនួបនេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីនេះ នៅក្នុងខែមករាថ្មីៗនេះ ក៏ទើបតែមានកិច្ចពិភាក្សាសំខាន់មួយ ដែលហៅថា កិច្ចពិភាក្សា «ពីរបូកពីរ Two-plus-two» តាមរយៈកិច្ចពិភាក្សា សម្ព័ន្ធមិត្តទាំងពីរនេះ បានសម្ដែងការព្រួយបារម្ភខ្លាំងមែនទែន អំពីការកើនឡើងនៃកម្លាំងរបស់ចិន និងបានសច្ចារួមគ្នាថា នឹងធ្វើការឆ្លើយតបវិញផងដែរ ប្រសិនបើចាំបាច់ដើម្បីធានាបាននូវស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក គីហ្ស៊ីដា និយាយថា រូបលោក និង លោកចូ បៃឌិន បានព្រមព្រៀងគ្នា ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវសេរីភាព និងការបើកចំហរតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ទៅលើបញ្ហាទាក់ទងនឹងប្រទេសចិន បញ្ហាមីស៊ីលនៅកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិលើបញ្ហានៅប្រទេសអ៊ុយក្រែនផងដែរ ដែលបច្ចុប្បន្នអ៊ុយក្រែនកំពុងមានការគំរាមកំហែងកាន់តែខ្លាំងពីប្រទេសរុស្ស៊ី។ នាយករដ្ឋមន្ត្រីជប៉ុន លោក គីហ្ស៊ីដា សង្កត់ធ្ងន់ថា ចំពោះអ្វីដែលជប៉ុន និងអាមេរិកព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងបញ្ហាប្រទេសចិននោះ រួមមាន បញ្ហានៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បញ្ហាទីក្រុងហុងកុង និងបញ្ហានៅតំបន់ស៊ិនជាំងប្រទេសចិនផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន គីហ្ស៊ីដា បន្ថែមទៀតថា ជប៉ុននឹងបង្កើតឲ្យមានកិច្ចប្រជុំមួយនៃក្រុមប្រទេសសម្ព័ន្ធមិត្ដទាំង៤ ហៅថា ឃ្វ័ត (Quad) ដែលមានអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ហើយកិច្ចប្រជុំកំពូលនេះ អាចនឹងធ្វើឡើងនៅក្នុងពាក់កណ្ដាលឆ្នាំ២០២២នេះ ជាមួយនឹងវត្តមានប្រធានាធិបតីអាមេរិកចូលរួមផងដែរ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិក បានអះអាងថា លោកចូ បៃឌិន ក៏បានយល់ព្រមនឹងការអញ្ជើញពីសំណាក់ប្រទេសជប៉ុននេះរួចហើយដែរ និងបានបន្ថែមថា គោលបំណងនៃកិច្ចប្រជុំសម្ព័ន្ធមិត្ត ឃ្វ័ត (Quad) គឺទាក់ទងនឹងការពិនិត្យឡើងវិញអំពីការសន្យាផ្គត់ផ្គង់វ៉ាក់សាំង១ពាន់លានដូសទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០២២នេះ។
នៅក្រោយជំនួបរវាងលោក ចូបៃឌិន ប្រធានាធិបតីអាមេរិក និងលោក ហ្វូមីអូ គីហ្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ខាងស្ថានទូតចិនប្រចាំប្រទេសជប៉ុនឯណោះវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយបានលើកឡើងថា ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនេះ គឺជាការវាយប្រហារដោយគ្មានមូលដ្ឋាន ទៅលើប្រទេសចិន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងធ្ងន់ធ្ងរផងដែរ។
ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានទទូចឲ្យប្រទេសជប៉ុន និងអាមេរិក ដើរឲ្យទាន់និន្នាការនៃសម័យកាល បោះបង់ចោលនូវគោលនយោបាយដ៏ចង្អៀតចង្អល់ នៃល្បែងនយោបាយចង់តែឈ្នះគេ និងឲ្យគេចាញ់ខ្លួន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៀតទៅ។ ហើយក៏ត្រូវឈប់គូរង្វង់តូចៗសម្រាប់ចិន ដោយផ្អែកលើមនោគមវិជ្ជារបស់ខ្លួនផងដែរ៕