នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ ចំនួនការងារបានកើនឡើងជិត១លានការងារ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម៦%។
ក្រុមសេដ្ឋវិទូអាមេរិកបាននិយាយថា ចំនួនការងារមានការកើនឡើង បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងស្ទុះងើបឡើងវិញហើយ មានន័យថា អ្នកដែលបានបាត់បង់ការងារកំពុងទទួលបានការងារធ្វើត្រឡប់មកវិញ ខណៈដែលវិធានការរឹតបន្ដឹងក៏ត្រូវបានបន្ធូរបន្ថយផងដែរ។ ប៉ុន្ដែ សេដ្ឋវិទូក៏បានបង្ហាញក្ដីបារម្ភផងដែរ ប្រសិនបើមានរលកឆ្លងមេរោគជាថ្មី ដែលអាចនឹងធ្វើឲ្យមានការបិទផ្នែកខ្លះនៃប្រទេសឡើងវិញ។
ដោយសារតែសាលានៅអាមេរិកបើកឲ្យសិស្សចូលរៀនវិញ បានធ្វើឲ្យការងារក្នុងវិស័យអប់រំកើនឡើងដល់ទៅជិត២០ម៉ឺននាក់។ ការងារក្នុងវិស័យសំណង់ ក៏កើនឡើង១១ម៉ឺននាក់ដែរ ខណៈការងារផ្នែកវិជ្ជាជីវៈ និងសេវាអាជីវកម្មកើនជាង៦ម៉ឺននាក់ រីឯ ការងារនៅតាមរោងចក្រផលិតកើនជាង ៥ម៉ឺននាក់។
ការសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋគឺជាកត្តាសំខាន់មួយជួយឲ្យសេដ្ឋកិច្ចអាមេរិកងើបឡើងវិញ និងជំរុញឲ្យពលរដ្ឋអាចត្រឡប់មកធ្វើការងារកាន់តែច្រើនផងដែរ។ ជាក់ស្ដែង បើតាមការរាយការណ៍ដោយ Bloomberg នៅថ្ងៃទី០៣ ខែមេសាបានបង្ហាញថា អាមេរិកបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង ១៥៨លានដូសហើយ ហើយកាលពីសប្ដាហ៍មុននេះ គិតជាមធ្យមអាមេរិកចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណ៣លានដូសក្នុងមួយថ្ងៃ តាមតួលេខនេះ គេអាចសន្និដ្ឋានបានថា អាមេរិកអាចនឹងត្រូវការពេលដល់ទៅ ៤ខែទៀត ទើបអាចចាក់វ៉ាក់សាំងបានដល់ប្រជាជន៧៥% នៃចំនួនប្រជាជនសរុបបាន។
ការកើនឡើងនូវចំនួនការងារ ក៏ដូចជាការស្ទុះងើបឡើងវិញលឿននៃសេដ្ឋកិច្ចអាមេរិក ក៏ត្រូវបានគេមើលឃើញថា ត្រូវបានរុញមួយផ្នែកធំដោយសារតែកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារ ដែលត្រូវបានអនុម័ត និងដាក់ចេញឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះផងដែរ៕