ក្រុមហ៊ុន NPC International ដែលទទួលបានសិទ្ធិអាជីវកម្មលើហាងនំភីហ្សា Pizza Hut និងភោជនីយដ្ឋាន Wendy's បានដាក់ពាក្យប្រកាសក្ស័យធនតាមផ្លូវច្បាប់ កាលពីថ្ងៃពុធ (ទី១ កក្កដា ឆ្នាំ២០២០) បន្ទាប់ពីបានបិទហាងជាបន្តបន្ទាប់ ជំពាក់បំណុលជិត ១ពាន់លានដុល្លារ និងរួមផ្សំនឹងថ្លៃពលកម្មបុគ្គលិកនិងថ្លៃម្ហូបអាហារកើនឡើងផង ។
ក្រុមហ៊ុន Pizza Hut ដែលជាម្ចាស់ប្រ៊ែននំភីហ្សា ដែល NPC បានទទួលសិទ្ធិអាជីវកម្មបន្ត ក៏ជួបប្រទះការលំបាកផងដែរ កាលពីពេលថ្មីៗចុងក្រោយនេះ ។
ខណៈកំពុងដំណើរការនីតិវិធីក្ស័យធនតាមផ្លូវច្បាប់ ភោជនីយដ្ឋានរបស់ក្រុមហ៊ុន NPC នឹងបន្តបើកទ្វារធម្មតា។ ក្រុមហ៊ុននេះផ្ដល់ការងារដល់បុគ្គលិកជិត ៤ម៉ឺននាក់ នៅក្នុងរដ្ឋចំនួន ២៧ នៅសហរដ្ឋអាមេរិក ។
ក្រុមហ៊ុនហាងនំ Pizza Hut ដ៏ល្បីនៅសហរដ្ឋអាមេរិក គ្រប់គ្រងដោយ Yum! Brands (YUM) មានហាងនំភីហ្សាយីហោនេះ ចំនួនជាង ៧០០០កន្លែង នៅក្នុងសហរដ្ឋអាមេរិក ។
ប្រធានគ្រប់គ្រងផ្នែកអាជីវកម្ម Pizza Hut របស់ក្រុមហ៊ុន NPC បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមហ៊ុននឹងប្រកាសក្ស័យធនតាមច្បាប់ ដោយប្រើប្រាស់ជំពូក ១១ (Chapter 11) ដើម្បីវាយតម្លៃនិងកែសម្រួលអាជីវកម្មភោជនីយដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីធ្វើយ៉ាងអាចបំពេញតម្រូវការរបស់អតិថិជននៅទូទាំងប្រទេស។
NPC គ្រប់គ្រងភោជនីយដ្ឋានយីហោ Wendy's តែ ៤០០កន្លែងប៉ុណ្ណោះ ក្នុងចំណោមភោជនីយដ្ឋានយីហោ Wendy's ដែលមានសរុបប្រហែល ៦៥០០ កន្លែងនៅអាមេរិក ។
ក្រុមហ៊ុន NPC ជាក្រុមហ៊ុនចុងក្រោយគេបំផុត ដែលប្រកាសក្ស័យធនក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បន្ទាប់ក្រុមហ៊ុនធំៗរបស់អាមេរិក ដូចជា Chuck E. Cheese របស់ GNC ក្រុមហ៊ុន 24 Hour Fitness, ក្រុមហ៊ុន Neiman Marcus, ក្រុមហ៊ុន J. Crew បានប្រកាសក្ស័យធនកាលពីពីរខែមុន ៕