យោងតាមលោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការការពារខ្លួន ដើម្បីឆ្លើយតបនឹងការវាយប្រហារជាច្រើនលើកលើកងទ័ពកម្លាំងអាម៉េរិក ដែលកំពុងមានវត្តមានក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដោយក្រុមឧទ្ទាមពាក់ព័ន្ធដែលមានឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅពីក្រោយ។ លោកថា ការធ្វើបែបនេះ គឺអាម៉េរិកគ្មានបំណងពង្រីកជម្លោះនោះទេ តែដើម្បីការពារខ្លួន ផលប្រយោជន៍ និងសម្ព័ន្ធមិត្ត។ លោក អូស្ទីន បានព្រមានថា បើការវាយប្រហារនៅតែបន្តមាន នោះអាម៉េរិកបានត្រៀមខ្លួន និងចាត់វិធានបន្ថែមលើសនេះទៀត។
យ៉ាងណាមិញ បើតាមមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកមួយរូបបាននិយាយកាលពីល្ងាចថ្ងៃពុធថា ទីតាំងដែលអាម៉េរិកវាយប្រហារនោះ គឺស្ថិតនៅតំបន់ភ្នំ Maysalun ប្រទេសស៊ីរី ហើយត្រូវបានគេជឿថា មានផ្ទុកអាវុធ ដែលប្រើប្រាស់នៅក្នុងការវាយប្រហារតាមអាកាសជាច្រើនលើក ប្រឆាំងនឹងកងកម្លាំងអាម៉េរិក។
ការវាយប្រហារកាលពីថ្ងៃពុធនោះ មិនបានធ្វើឱ្យជនស៊ីវិលណាម្នាក់បាត់បង់ជីវិតឡើយ។ ដោយឡែក តាមមន្ត្រីយោធាមួយផ្សេងទៀតបានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃពុធ គឺចង់បញ្ជូនសារច្បាស់លាស់មួយទៅកាន់ប្រទេសអ៊ីរ៉ង់ថា តេអេរ៉ង់ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាម៉េរិក ហើយវ៉ាស៊ីនតោន ក៏រំពឹងដែរថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងចាត់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងឧន្ទាមទាំងនោះវាយប្រហារលើមូលដ្ឋានអាម៉េរិកទៀត។
មែនទែនទៅ នេះជាលើកទី២ហើយ ដែលអាមេរិកវាយប្រហារទៅលើទីតាំងនានា ដែលប្រើប្រាស់ដោយក្រុមឧន្ទាមគាំទ្រដោយអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារស្ទើរតែរាល់ថ្ងៃពីសំណាក់ក្រុមទាំងនោះទៅលើកងកម្លាំងអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
កាលពីថ្ងៃទី២៦ ខែតុលា យន្តហោះ F-15 របស់អាមេរិក និង F-16 ពីរគ្រឿងបានប្រើប្រាស់គ្រាប់រំសេវ ដែលដឹកនាំដោយភាពជាក់លាក់វាយប្រហារចំគោលដៅទីតាំងចំនួនពីរ ដែលជារបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។
ទន្ទឹមគ្នានេះ មានសេចក្តីរាយការរណ៍មកថា យន្តហោះគ្មានមនុស្សបើកយោធាអាម៉េរិកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ដោយកងកម្លាំងហួធី។ នេះបើតាមការបញ្ជាក់ដោយមន្ត្រីការពារជាតិអាម៉េរិកម្នាក់បានប្រាប់ CNN។ តាមមន្ត្រីរូបនោះ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper កំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិ និងលើដែនទឹកអន្តរជាតិ និងក្រោយមកត្រូវបានបាញ់ទម្លាក់។ ទីបញ្ជាការកណ្តាលអាម៉េរិកកំពុងបើកការស៊ើបអង្កេតឧប្បត្តិហេតុនេះ។ យ៉ាងណា ក្រុមហួធីដែលមានអ៊ីរ៉ង់នៅពីក្រោយបានចេញមុខថា ខ្លួនជាអ្នកបាញ់ទម្លាក់ដ្រូនយោធានោះ។
ស្របពេលជាមួយគ្នានេះ កងទ័ពអាម៉េរិកក្បែរប្រទេសយេម៉ែននោះមិនមិនទាន់ប្រកាសឆ្លើយតបបែបណាទេជុំវិញហេតុការនេះ ខណៈកាលពីពេលកន្លងទៅនាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិក USS Carney ក៏ទើបស្ទាក់ចាប់បានមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើន ដែលបានបាញ់ដោយក្រុម Houthi ចេញពីប្រទេសយេម៉ែនឆ្ពោះសំដៅទៅសមុទ្រក្រហម ដែលមានគោលដៅវាយប្រហារអ៊ីស្រាអែល។
យ៉ាងណាមិញ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតឺរេស បាននិយាយថា ចំនួនជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza បានបង្ហាញថា មានអ្វីមួយខុសយ៉ាងច្បាស់ នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
លោក ថា អង្គការកំពុងចរចារដ៏ក្តៅគគុកជាមួយអ៊ីស្រាអែល អាម៉េរិក និងអេហ្ស៊ីប ដើម្បីធ្វើឱ្យប្រាកដថា ជំនួយមនុស្សធម៌បានចូលទៅដល់ហ្គាហ្សាពិតមែន។ យោងតាមមន្ត្រីនៅ ហ្គាហ្សា គិតត្រឹមថ្ងៃពុធ មនុស្សជាង១ម៉ឺន៥នាក់ហើយបានស្លាប់បណ្តាលមកពីការប្រយុទ្ធគ្នា និងការវាយប្រហារដោយអ៊ីស្រាអែល៕