តម្លៃប្រេងឆៅនៅក្នុងទីផ្សារអង់គ្លេសបានកើនឡើងថ្លៃដល់ទៅ ៧៦សេនបន្ថែមទៀត នៅថ្ងៃទី ២២ កុម្ភៈ ឬស្មើនឹង១,២% ដោយមានតម្លៃជិត៦២ដុល្លារ ក្នុងមួយធុងបារ៉ែល បន្ទាប់ពីបានកើនឡើងជិត១% ដែរកាលពីសប្ដាហ៍មុន។ ដោយឡែក នៅទីផ្សារអាមេរិកវិញតម្លៃប្រេងឆៅក៏បានកើនឡើង៧៤សេនដែរ ឬស្មើនឹង១,៣% ដោយប្រេងមួយធុងបារ៉ែលមានតម្លៃប្រមាណ៦០ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,៤% កាលពីសប្ដាហ៍មុន។
ធនាគារវិនិយោគ Goldman Sachs ក៏បានដំឡើងការព្យាករទីផ្សារប្រេងឆៅនៅអង់គ្លេសថា នឹងកើនដល់១០ដុល្លារបន្ថែមទៀត នឹងជួយជំរុញទីផ្សារ ជាមួយនឹងក្ដីរំពឹងថា តម្លៃប្រេងនៅអង់គ្លេសនឹងមានការកើនដល់៧០ដុល្លារ នៅត្រឹមត្រីមាសទី២ និងបន្ដកើនដល់៧៥ដុល្លារ នៅត្រីមាសទី ៣នៅឆ្នាំនេះ។
អ្នកវិភាគរបស់ Goldman បានឲ្យដឹងទៀតថា តាមការព្យាករតម្លៃប្រេងនឹងកើនឡើងកាន់តែខ្ពស់ និងឆាប់រហ័ស ដោយរំពឹងថាការស្ដុកទុកមានទាបជាងមុន ហើយតម្លៃថ្លៃដើមចំណាយកាន់តែខ្ពស់។
ក្រុមអ្នកវិភាគបានប៉ាន់ស្មានទុកថា អាកាសធាតុត្រជាត់ខុសធម្មតា នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋនៅតំបន់មួយចំនួនបានបង្ខំឲ្យមានការបិទផលិតកម្មប្រេងឆៅរហូតដល់ទៅ ៤លានបារ៉ែលក្នុងមួយថ្ងៃ ជាមួយគ្នានោះទិន្នផលនៃការផលិតឧស្ម័នក៏ត្រូវបានរងផលប៉ះពាល់ដែរ។
បើតាមអ្នកវិភាគ ការដោះស្រាយបញ្ហាផ្អាកផលិតកម្មប្រេងនៅអាមេរិកនេះ អាចនឹងត្រូវការចំណាយពេលយ៉ាងហោចណាស់ជាច្រើនសប្ដាហ៍ទៀត ដើម្បីស្ដារប្រតិបត្តិការផលិតកម្មមកវិញបាន៕