លោក ឡយដ៍ អូស្ទីន កាលពីលា្ងចថ្ងៃអាទិត្យ បានបញ្ជាឱ្យកងទ័ពម៉ារីន ប្រមាណ២ពាន់នាក់ត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយ ដើម្បីជួយអ៊ីស្រាអែល ក្នុងជំនួយថ្នាំពេទ្យ និងការដឹកជញ្ជូន។
យោងតាមមន្ត្រីយោធាអាមេរិក ការដាក់ពង្រាយកងទ័ព រួមជាមួយនឹងនាវាចម្បាំងជាច្រើនគ្រឿងផ្សេងទៀត ដែលកំពុងមានវត្តមានក្បែរទឹកដីអ៊ីស្រាអែលនោះស្រាប់ គឺជាសញ្ញាដ៏ច្បាស់ប្រាប់ទៅដល់ក្រុមហេស្សប៉ូឡា និងប្រទេសអ៊ីរ៉ាក់។
នៅថ្ងៃអង្គារនេះដែរ លោក ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានជំនួបជាច្រើនម៉ោងជាមួយលោក ណេតាន់ យ៉ាហ៊ូរ នៅរដ្ឋធានី Tel Aviv បានបង្ហើបប្រាប់អ្នកកាសែតថា ប្រធានាធិបតី បៃដិន នឹងមានវត្តមាននៅអ៊ីស្រាអែល នៅថ្ងៃពុធនេះ។
ការមកនេះ គឺដើម្បីជួបពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល អំពីយុទ្ធសាស្ត្រសង្គ្រាម និងវិធានការកាត់បន្ថយអ្នកស្លាប់ ក៏ដូចជាជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza។ លោក ប្លីនខេន ក៏បាននិយាយដែរថា ក្រោយជំនួបនោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាក្នុងការបង្កើតផែនការទទួលជំនួយមនុស្សធម៌ពីប្រទេសម្ចាស់ជំនួយ និងអង្គការផ្សេងៗទៀតសម្រាប់ប្រជាជននៅ Gaza។
ស្របពេលដែលការវាយប្រហារគ្នានៅតែបន្តមកដល់ថ្ងៃទី១១ នៃសង្គ្រាមបង្ហូរឈាមនេះ អ្នកស្លាប់និងរងរបួសរបស់ភាគីទាំងសងខាងនៅតែបន្តកើនឡើងដូចគ្នា។ យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរនៅតំបន់ Gaza អ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មានជាង២ពាន់៨រយនាក់ និងរងរបួសជាង១ម៉ឺននាក់ ខណៈដែលអ្នកស្លាប់សរុបមានជាង៤ពាន់នាក់។
ក្រុមហាម៉ាសបានឱ្យដឹងកាលពីថ្ងៃចន្ទ ថា គេកំពុងមានចំណាប់ខ្មាំងជាង២៥០នាក់ ក្នុងដៃនៅតំបន់ Gaza ខណៈដែលខាងអ៊ីស្រាអែល ថា មាន១៩៩នាក់។ ទោះយ៉ាងណា នៅថ្ងៃដដែលមេដឹកនាំក្រុមហាម៉ាស បានទាមទារឱ្យអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ទើបខ្លួនព្រមលែងចំណាប់ខ្មាំងដែលបានចាប់កាលពីថ្ងៃទី៧តុលា កន្លងទៅដែរ។
គួរជម្រាបថា អ្នកទោសប៉ាឡេស្ទីន ដែលកំពុងត្រូវបានអ៊ីស្រាអែលឃុំឃាំងសរុបមានប្រហែល៦ពាន់នាក់។ តែទន្ទឹមនឹងការលើកឡើងបែបនេះ ហាម៉ាស ក៏បានចេញសារដាច់ដោយឡែកមួយទៀតថា ចំណាប់ខ្មាំងដែលមិនមែនជាជនជាតិ អ៊ីស្រាអែល គឺជាភ្ញៀវ ហើយនឹងត្រូវដោះលែងនៅពេលកាលទេសៈសមស្រប។
យ៉ាងណា នៅអ៊ីរ៉ង់ឯណោះវិញ រដ្ឋមន្ត្រីការបរទេសលោក ហូសេន អាមីរ៉ាដូឡាហ៊ាន (Hossein Amirabdollahian) កាលពីថ្ងៃអាទិត្យបានព្រមានចំៗដាក់អ៊ីស្រាអែលថា អ៊ីរ៉ង់នឹងឆ្លើយតបទប់ស្កាត់ការឈ្លានពានទៅលើជនជាតិ ប៉ាឡេស្ទីននៅ Gaza ប៉ុន្តែមិនបានបញ្ជាក់ទេថា អ៊ីរ៉ង់នឹងឆ្លើយតបបែបណានោះទេ។ លោកថា ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់សកម្មភាពរបស់ខ្លួន នោះប្រទេស និងក្រុមប្រឆាំងអ៊ីស្រាអែល ក្នុងតំបន់នឹងចូលលូកដៃជួយ ហាម៉ាស ដើម្បីបញ្ឈប់អំពើឧក្រិដ្ឋកម្មលើប្រជាជនប៉ាឡេស្ទីន។
គួររំលឹកថា នៅដើមដំបូង អ៊ីរ៉ង់បានចេញមុខថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយគាំទ្រទំនុកបម្រុងហាម៉ាសនោះទេ ហើយអាមេរិកក៏បានព្រមានអ៊ីរ៉ង់ឱ្យនៅឆ្ងាយពីជម្លោះនេះដែរ។ ដោយឡែក នៅក្នុងបទសម្ភាសកាលពីថ្ងៃចន្ទជាមួយ Al Jazeera ប្រមុខការទូតអ៊ីរ៉ង់រូបនេះ ក៏បានព្រមានពីការរាលដាលនៃសមរភូមិសង្គ្រាមដែរ ប្រសិនបើការវាយលុករបស់អ៊ីស្រាអែលនៅ Gaza មិនបញ្ចប់ទេនោះ។
អ៊ីស្រាអែលត្រូវបានគេទាយថា នឹងបើកការវាយប្រហារតាមជើងគោកក្នុងពេលខាងមុនដ៏ខ្លី ដោយបច្ចុប្បន្នកងទ័ពអ៊ីស្រាអែល រាប់ម៉ឺននាក់ជាមួយរថក្រោះ រថពាសដែកជារាប់សិបគ្រឿង កំពុងដាក់ពង្រាយជាប់ជាមួយនឹងព្រំដែនអ៊ីស្រាអែល-Gaza៕