លោក ប្ល៊ីងខិន បាននិយាយកាលពីថ្ងៃទី ១៧ ខែតុលា ក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ ស្ដេនហ្វត (Stanford) ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកថា មានការផ្លាស់ប្តូរវិធីសាស្រ្តពីទីក្រុងប៉េកាំងសម្រាប់ការឆ្ពោះទៅដណ្ដើមយកតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការកត់សម្គាល់របស់លោក ប្ល៊ីនខិន បានធ្វើឡើង ស្របពេលដែលប្រទេសចិនកំពុងធ្វើសមាជបក្សកុម្មុយនិស្តលើកទី២០ រយៈពេល១សប្ដាហ៍របស់ខ្លួន និងភ្លាមៗបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រើសុន្ទរកថា ដែលគេមើលឃើញយ៉ាងទូលំទូលាយកាលពីថ្ងៃអាទិត្យដោយនិយាយថា កង់ប្រវត្តិសាស្ត្រកំពុងវិលឆ្ពោះទៅរកការបង្រួបបង្រួមរបស់ប្រទេសចិនជាមួយតៃវ៉ាន់ឡើងវិញហើយ។ ខណៈដែលមធ្យោបាយដោយសន្តិវិធីនេះ ទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីអង្គសមាជនេះ លោក ស៊ី បានបន្ថែមថា ចិនរក្សាជម្រើសក្នុងការចាត់វិធានការតាមការចាំបាច់ទាំងអស់ក្នុងការដណ្ដើមយកតៃវ៉ាន់មកវិញ រួមទាំងការប្រើប្រាស់កម្លាំងផងដែរ។
លោក ប៊្លីនខិន បាននិយាយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តជាមូលដ្ឋានដែលស្ថានភាពបច្ចុប្បន្នលែងទទួលយកបានទៀតហើយ ហើយថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តបន្តការបង្រួបបង្រួមឡើងវិញនៅលើបន្ទាត់ពេលវេលាលឿនជាងមុន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីពេលវេលា ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតឡើយជុំវិញរឿងនេះ។
បើទោះជាមន្ត្រីរដ្ឋការរបស់លោក ចូ បៃដិន មួយចំនួនបានចោទប្រកាន់ចិនពីការលុបបំបាត់តុល្យភាពអំណាចនៅច្រកសមុទ្រតៃវ៉ាន់ជារឿយៗយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមន្ត្រីទាំងនោះដូចជាមិនសូវឃើញធ្វើអត្ថាធិប្បាយពីចេតនារបស់ទីក្រុងប៉េកាំងទាក់ទងនឹងការឈ្លានពានតៃវ៉ាន់ប៉ុន្មាននោះឡើយ។
ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា មានភាពរសើបខ្លាំងចំពោះការកត់សម្គាល់ណាមួយដែលអាចផ្តល់ការយល់ដឹងពីរបៀបដែលមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង ឬទីក្រុងវ៉ាស៊ីនតោនមើលឃើញសក្តានុពលសម្រាប់សង្គ្រាមនៅកោះតៃវ៉ាន់ ជាព្រឹត្តិការណ៍មួយដែលនឹងមានផលលំបាកខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចយ៉ាងសម្បើម ជាពិសេសគឺការសន្យាម្តងហើយម្តងទៀតរបស់ប្រធានាធិបតីលោក បៃដិន ដែលថា សហរដ្ឋអាមេរិកនឹងជួយការពារកោះតៃវ៉ាន់។
កាលពីខែមីនាឆ្នាំមុន លោក ហ្វីលីប ដេវីដសុន (Philip Davidson) ដែលពេលនោះជាមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា ប្រទេសចិនចង់យកកោះតៃវ៉ាន់«ក្នុងអំឡុងពេលទសវត្សរ៍នេះគឺនៅក្នុងរយៈពេល៦ឆ្នាំខាងមុខទៀត»។
តៃវ៉ាន់ជាចំណុចក្ដៅដ៏សំខាន់រវាងអាមេរិក និងចិន ហើយភាពតានតឹងនៅក្នុងតំបន់នេះបានបន្តកើនឡើងចាប់តាំងពីប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅទស្សនកិច្ចកោះនេះកាលពីខែសីហា ដែលជំរុញឱ្យប្រទេសចិនធ្វើសមយុទ្ធយោធា និងបាញ់កាំជ្រួចមីស៊ីលចូលក្នុងដែនទឹកនៅជុំវិញកោះតៃវ៉ាន់។
លោក ប្ល៊ីនខិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានរំលឹកឡើងវិញនូវការរិះគន់របស់ប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ថា ប្រទេសនេះមានការគាបសង្កត់នៅក្នុងស្រុកកាន់តែច្រើន និងឈ្លានពាននៅបរទេសកាន់តែខ្លាំង ហើយលោកក៏បានឆ្លើយតបសំណួររបស់ទស្សនិកជនពាក់ព័ន្ធនឹងកោះតៃវ៉ាន់ថា ចិនមានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងឱ្យតែយកឈ្នះលើតៃវ៉ាន់បាន។
លោកបានបញ្ជាក់ថា ប្រសិនបើមធ្យោបាយសន្តិភាពមិនដំណើរការទេ ចិននឹងប្រើមធ្យោបាយបង្ខិតបង្ខំ ហើយប្រសិនបើមធ្យោបាយបង្ខិតបង្ខំនៅតែមិនដំណើរការទៀតនោះ ចិនក៏ប្រហែលនឹងប្រើមធ្យោបាយចាប់បង្ខំ ដើម្បីសម្រេចគោលបំណងរបស់ខ្លួនតែម្ដង ដែលវាគឺជាកត្តាដែលរំខានយ៉ាងខ្លាំងដល់ស្ថានភាពបច្ចុប្បន្ន និងបង្កើតភាពតានតឹងយ៉ាងខ្លាំងថែមទៀតសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ៕
អត្ថបទ៖ សុខ ជា