ការលើកឡើងរបស់លោកស្រី រៃមុនដូ ដែលថាសហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះទណ្ឌកម្មចិនលើក្រុមហ៊ុន Micron បានកើតឡើងបន្ទាបពីលោកស្រីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិក។ លោកស្រី រៃមុនដូ ថ្លែងថា សហរដ្ឋអាមេរិក«ជំទាស់យ៉ាងម៉ឺងម៉ាត់»ចំពោះសកម្មភាពរបស់ចិនដែលប្រឆាំងនឹងក្រុមហ៊ុន Micron នេះ។
មន្ត្រីកំពូលពាណិជ្ជកម្មអាមេរិករូបនេះបានពិពណ៌នាថា ការកំណត់គោលដៅលើក្រុមហ៊ុនអាមេរិកពីសំណាក់ប្រទេសចិននេះ គឺគ្មានមូលដ្ឋានទាល់តែសោះតាមពិត ហើយថាសហរដ្ឋអាមេរិកចាត់ទុកទណ្ឌកម្មនេះថាជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចសុទ្ធសាធ។ លោកស្រីបានបន្តបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនឱ្យទង្វើនេះទេ ឬមិនគិតថាបម្រាមនេះទទួលបានជោគជ័យឡើយ។
កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ និយតករអ៊ីនធឺណិតរបស់ចិនបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិក Micron បានបរាជ័យក្នុងការត្រួតពិនិត្យសុវត្ថិភាពបណ្តាញរបស់ខ្លួន ហើយអាជ្ញាធរចិននឹងរារាំងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមិនឱ្យទិញបន្ទះអង្គចងចាំពីក្រុមហ៊ុនរបស់អាមេរិកមួយនេះ។
លោកស្រី រៃមុនដូ បានកត់សម្គាល់ឃើញថា ការហាមប្រាមរបស់ចិននេះធ្វើឡើងដើម្បីសងសឹងទៅនឹងក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំងពីរ ឬហៅកាត់ G7 ដែលបានព្រមព្រៀងគ្នាលើគំនិតផ្តួចផ្តើមថ្មីដែលនឹងប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចប្រព្រឹត្តដោយប្រទេសចិន។
មុននេះ លោកស្រី ជីណា រៃមុនដូ ក៏បានយកបញ្ហាខាងលើទៅពិភាក្សានៅក្នុងជំនួបជាមួយ លោក វ៉ាង វិនតាវ (Wang Wentao) រដ្ឋមន្ត្រីពាណិជ្ជកម្មចិននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ដែរ ហើយលោកស្រីក៏បានប្តេជ្ញាចិត្តរក្សាទំនាក់ទំនងបើកចំហរជាមួយចិន។ ប៉ុន្តែលោក វ៉ាង បានឆ្លើយតបវិញថា ចិនក៏មានការព្រួយបារម្ភអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនដែរ រួមទាំងគោលនយោបាយទាក់ទងនឹងឧបករណ៍អេឡិចត្រូនិក ការត្រួតពិនិត្យការនាំចេញ និងការពិនិត្យឡើងវិញលើការវិនិយោគបរទេសក្នុងប្រទេសចិនជាដើម។
ដោយឡែក លោកស្រីបានក៏គូសបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ និងស្ដីពីសសរស្តម្ភផ្សេងទៀតនៃកិច្ចពិភាក្សា នឹងមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងច្បាប់បន្ទះឈីប ក្នុងទំហំទឹកប្រាក់ ៥២ ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីបដែលផលិតនៅក្នុងប្រទេសចិន៕