អាមេរិក-ចិន - សង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការទូតអាមេរិក ព្រមានចិនជាថ្មីទៀត កុំឱ្យលូកដៃចូលក្នុងសង្គ្រាមនៅអ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍បានព្រមានអ្នកការទូតកំពូលរបស់ចិន លោក Wang Yi អំពីផលវិបាក ប្រសិនបើប្រទេសចិនផ្តល់ជំនួយជាសម្ភារៈផ្សេងៗទៅឱ្យរុស្ស៊ីក្នុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន លោកបានប្រាប់ឱ្យដឹងបន្ទាប់ពីអ្នកទាំងពីរបានជួបគ្នានៃកិច្ចប្រជុំសន្តិសុខនៅទីក្រុងម៊ុយនិច ប្រទេសអាល្លឺម៉ង់។ មន្ត្រីការទូតនៃប្រទេសមហាយក្សទាំងពីរក៏បានលើកឡើងពីរឿងបាឡុងដែរ តែតាមរយៈលោក វ៉ាង យី ចិនមិនព្រមធ្វើការសុំទោសអាមេរិក ដែលបាឡុងខ្លួនបានហោះចូលក្នុងដែនអាកាសអាមេរិកនោះទេ។
តើក្នុងជំនួបនៅទីក្រុងម៊ុយនិច មន្ត្រីការទូតកំពូលចិន និងអាមេរិកបានពិភាក្សាគ្នាអ្វីខ្លះ?

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។ មន្ត្រីការទូតកំពូលនៃប្រទេសមហាអំណាចទាំងពីរបានជួបប្រជុំគ្នានៅទីតាំងដែលមិនបញ្ចេញឈ្មោះមួយនៅខាងក្រៅសន្និសិទសន្តិសុខពិភពលោកនៅទីក្រុង Munich ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Wang បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនថា «មានអារម្មណ៍ជ្រុលហួសហេតុ» ជុំវិញការបាញ់ទម្លាក់បាឡុងរបស់ចិនដែលអាមេរិកថា ជាបាឡុងចារកម្មនោះ។

មែនទែនទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរកាំរកូស ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនបានប្រើបាឡុងចារកម្មមកស៊ើបការ និងប្រមូលទិន្នន័យយោធាលើទឹកដីរបស់ខ្លួន ក្រោយពេលដែលយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មួយសប្តាហ៍ក្រោយមកនោះ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវចាក់ផ្សាយនៅព្រឹកថ្ងៃអាទិត្យនៅលើកញ្ចក់ទូរទស្សន៍លោក ប្លីនខេន បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិនកំពុងពិចារណាផ្តល់ការគាំទ្រដ៏មានសក្តានុពលដល់រុស្ស៊ី ហើយថាលោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនអំពីរឿងនេះ ដោយថាចិននឹងមានផលវិបាកធ្ងន់ធ្ងរជាមួយអាមេរិក។

យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃអាទិត្យដោយក្រសួងការបរទេសរបស់ប្រទេសចិនបានឱ្យដឹងថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក វ៉ាង យី បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែ «ប្រឈមមុខនិងដោះស្រាយការខូចខាត» ចំពោះទំនាក់ទំនងរបស់ខ្លួននៃរឿងបាឡុង ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរប្រេះស្រាំ ព្រោះតែការប្រើកម្លាំងមិនរើសមុខ និងព្រមទាំងចោទប្រកាន់បាឡុងឧតុនិយមស៊ីវិលនោះថាជាឧបករណ៍ចារកម្មទៀតផង។

កិច្ចប្រជុំរបស់លោក Blinken និងលោក Wang បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ្នកការទូតកំពូលរបស់ចិនបានធ្វើការវាយបកនៅសហរដ្ឋអាមេរិកដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានរំលោភលើច្បាប់អន្តរជាតិជាមួយនឹងអាកប្បកិរិយា «បំភ្លៃការពិតហួសហេតុ»។ លោកបានបន្ថែមថា ការប្រើយន្តហោះចម្បាំងមួយដើម្បីបាញ់ទម្លាក់បាឡុងស៊ីវិលមួយគឺពិតជារឿងមិនគួរឱ្យជឿសោះ។ លោកថា មានបាឡុងច្រើនណាស់នៅពិភពលោក ដែលប្រទេសផ្សេងទៀតបានប្រើវា ចុះហេតុអ្វីបានជាអាមេរិកមិនបាញ់កម្ទេចវាផង?

មួយវិញទៀត ក្នុងបទសម្ភាសជាមួយសារព័ត៌មាន NBC លោក ប្លីនខេន បានប្រាប់ឱ្យដឹងថា នៅពេលលោកលើកឡើងពីរឿងរ៉ាវបាឡុងនោះ មន្ត្រីការទូតកំពូលចិនលោក វ៉ាង យី មិនបានធ្វើការសុំទោសអាមេរិកនោះឡើយ តែថែមទាំងវាយបកមកកាន់អាមេរិកវិញផងដែរ។ ទោះជាបែបនេះក្តី លោកបានប្រាប់ភាគីចិនថា «រឿងនេះអាមេរិកមិនអាចទទួលយកបានឡើយ ហើយអាមេរិកក៏បានចង់ឃើញវាកើតឡើងម្តងទៀតដែរ»។ ក្នុងនោះ លោកសង្កត់ធ្ងន់ថា ក្រោយពីជំនួបក្នុងទីក្រុងម៊ុយនិច លោកក៏គ្មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនទៀតដែរ។

យោងតាមលោក Craig Singleton អ្នកជំនាញសិក្សាពីប្រទេសចិននៅវិទ្យាស្ថានមូលនិធិការពារលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងវ៉ាស៊ីនតោន មើលឃើញថា ការអត្ថាធិប្បាយរបស់លោក វ៉ាង យី ក្នុងសន្និសីទជាមួយលោក ប្លីនខេនោះ គឺមានបំណងលាក់បាំងភាពអាម៉ាស់ជុំវិញការបាញ់ទម្លាក់បាឡុងរបស់ខ្លួនតែប៉ុណ្ណោះ ហើយនិងចង់មើលការឆ្លើយតបរបស់សហរដ្ឋអាមេរិកនឹងមានដល់កម្រិតណា ដើម្បីកត់ចំណាំក្នុងជម្លោះនាពេលអនាគតផងដែរ៕




អត្ថបទបន្ទាប់


ប្រមុខការទូតជប៉ុន ស្កាត់ជួបសមភាគីកូរ៉េខាត្បូង នៅមុនជួបជាមួយចិននៅសប្ដាហ៍នេះ

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានជួបសមភាគីកូរ៉េខាងត្បូងលោក Park Jin កាលពីថ្ងៃសៅរ៍ ទី ១៨ កុម្ភៈ ហើយបានរំលឹកឡើងវិញពី…

ហូឡង់ប្រកាសបិទស្ថានកុងស៊ុលរបស់ខ្លួននៅរុស្ស៊ី ព្រមទាំងរឹតត្បិតចំនួនអ្នកការទូតរុស្ស៊ីនៅទីក្រុងឡាអេ

រដ្ឋាភិបាលប្រទេសហូឡង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ បាននិយាយថា ខ្លួននឹងបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Saint Petersburg នៅក្នុងប្រទេសរុស្ស៊ី ហើយក៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ