មន្ទីរបញ្ចកោណអាមេរិក បានឲ្យដឹងដែរថា ក្នុងចំណោមទ័ពទាំងជិត៣ពាន់នាក់ មាន១ពាន់នាក់នឹងត្រូវបញ្ជូនចេញពី មូលដ្ឋានកងអនុសេនាធំ Stryker មានមូលដ្ឋាននៅទីក្រុង Vilseck ប្រទេសអាល្លឺម៉ង់ ឆ្ពោះទៅកាន់ប្រទេសរ៉ូម៉ានី។ ខណៈដែលកងទ័ព ប្រហែល ១ពាន់៧រយនាក់ទៀត ភាគច្រើនមកពីកងពលធំលេខ៨២ ដែលមានមូលដ្ឋាននៅរដ្ឋ ខារ៉ូឡាយណាខាងជើង (North Carolina) នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសប៉ូឡូញ។ ដោយឡែក កងទ័ពដែលនៅសេសសល់ ៣០០នាក់ផ្សេងទៀត នឹងត្រូវបញ្ជូនទៅធ្វើជាកងត្រៀមជំនួយ នៅក្នុងប្រទេសអាល្លឺម៉ង់ជំនួសវិញ។
សម្រាប់សហរដ្ឋអាមេរិក ការសម្រេចដាក់ពង្រាយកងទ័ពទៅតំបន់អឺរ៉ុបខាងកើតដែលកំពុងមានភាពតានតឹងក្នុងវិបត្តិនៅអ៊ុយក្រែន គឺជារឿងដែលគេគួរធ្វើ ទុកជាការឆ្លើយតបនឹងសកម្មភាពរបស់ប្រទេសរុស្សី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និយាយថា ការសម្រេចបញ្ចូនទ័ពលើកនេះ ជារឿងស្របដូចទៅនឹងអ្វីដែលលោកធ្លាប់បានបញ្ជាក់ប្រាប់លោកពូទីន ប្រធានាធិបតីរុស្សីរួចហើយ។ លោក បៃឌិន ធ្លាប់បានគូសបញ្ជាក់ប្រាប់ក្រុងម៉ូស្កូថា ដរាបណារុស្សីបន្តមានសកម្មភាពយោធាបែបគំរាមកំហែង នោះអាមេរិក អង្គការណាតូ និងសម្ព័ន្ធមិត្តនឹងបន្តមានវត្តមាននៅអឺរ៉ុបខាងកើតដូចគ្នា។
ចំនួនទ័ពបន្ថែម ៣ពាន់នាក់ បូករួមកងទ័ពមួយចំនួន ដែលមានស្រាប់នៅក្នុងតំបន់អឺរ៉ុបខាងកើត គឺនៅមានតិចនៅឡើយ បើធៀបនឹងយោធារុស្សីដែលធ្លាប់ត្រូវបានគេរាយការណ៍ថា មានដល់ជាង១០ម៉ឺននាក់ឡោមព័ទ្ធអ៊ុយក្រែនជា ៣ទិស។ ប៉ុន្តែបើតាមការអះអាងពីមន្ទីរបញ្ជកោណ វត្តមានយោធាអាមេរិកដែលបញ្ជូនបន្ថែមនេះ ជាសារដ៏រឹងមាំផ្ញើទៅកាន់លោកពូទីនថា ទាំង NATO ទាំងសម្ព័ន្ធមិត្ត សុទ្ធតែមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក។
សម្រាប់ប្រទេសរុស្សី ការបញ្ជូនទ័ពអាមេរិកមកក្នុងតំបន់ គឺដូចជាការយកសាំងមកចាក់ស្រោចលើភ្លើងអញ្ចឹងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក មីតទ្រី ភីស្គូវ (Dmitry Peskov) ប្រាប់CNNថា សហរដ្ឋអាមេរិកកំពុងធ្វើឲ្យស្ថានការណ៍កាន់តែក្តៅឡើងៗហើយ។ យ៉ាងណាក៏ដោយ លោកកត់សម្គាល់ឃើញថា ការដាក់ពង្រាយកងទ័ពនេះ គឺជាភស្តុតាងដ៏ច្បាស់បំផុតបញ្ជាក់ពីការព្រួយបារម្ភនៃសន្តិសុខជាតិរុស្សីកន្លងមក។
សូមជម្រាបថា ការសម្រេចបញ្ជូនទ័ពក្រោមបញ្ជារបស់លោកចូ បៃឌិន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចជាសាធារណៈថា មានចេតនាបង្កើតសេណារីយ៉ូរៀបចំអូសទាញរុស្សីឱ្យធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕