បន្ថែមពីនេះ វានឹងផ្ញើសារកាន់តែខ្លាំងក្លាបន្ថែមទៀតទៅកាន់ទីក្រុងព្យុងយ៉ាង ថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមិនព្រមធ្វើតាមការទាមទាររបស់កូរ៉េខាងជើងឡើយ នឹងទោះបីជាស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតែឡើងកំដៅកាន់តែខ្លាំងក្តី។
យ៉ាងណាក៏ដោយ ទាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ពីព័ត៌មានលម្អិត ក្នុងសមយុទ្ធប្រចាំឆ្នាំមួយនេះនៅឡើយទេ។ ប៉ុន្តែថ្មីៗនេះ បើតាមអ្នកវិភាគ ការបង្ហាញវត្តមានខុសប្រក្រតី នៃកងទ័ពនៅក្នុងនិងជុំវិញឧបទ្វីបកូរ៉េ អាចជាសញ្ញានៃការត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ។
ការលេចឭពីដំណឹងនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងអាមេរិក និងកូរ៉េខាងត្បូងនេះ កើតឡើងនៅក្រោយពេលដែល កូរ៉េខាងជើងថ្មីៗនេះ ទើបតែប្រកាសក្ដែងៗថា ខ្លួនបានធ្វើតេស្តមីស៊ីលអន្តរទ្វីប ICBM ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ស្របពេលដែលមន្ត្រីកូរ៉េខាងត្បូងបានរាយការណ៍ថា មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅកន្លែងតេស្តសាកល្បងនុយក្លេអ៊ែរមួយរបស់កូរ៉េខាងជើង ដែលត្រូវធ្លាប់បានបិទចោលកាលពីឆ្នាំ២០១៨។
ក្រុមអ្នកឃ្លាំមើលនៅក្នុងសហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរនៅក្នុងសប្តាហ៍នេះនូវសកម្មភាពខុសសព្វមួយដង នៃនាវាមុជទឹកនុយក្លេអ៊ែរកូរ៉េខាងជើងនៅឯមូលដ្ឋានរបស់ខ្លួន ដែលទំនងជាគេកំពុងជួសជុល ឬរៀបចំសម្រាប់ការបាញ់មីស៊ីលជាថ្មី។
គួរជម្រាបថា មិនមែនតែព្យុងយ៉ាងនោះទេ ដែលតែងបង្ហាញសាច់ដុំរបស់ខ្លួន កូរ៉េខាងត្បូងនៅដើមសប្តាហ៍នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលដ៏កម្រមួយ គួបផ្សំនឹងការបង្ហាញយន្តហោះចម្បាំងប្រភេទ F-35 របស់ខ្លួនដែលមិនធ្លាប់មានពីមុនមកដែរ។ វាជាការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការសាកល្បងមីស៊ីល ICBM ចុងក្រោយរបស់កូរ៉េខាងជើង ដោយសេអ៊ូលព្រមានព្យុងយ៉ាងថា ខ្លួនមានឆន្ទៈ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបដោយយោធា និងដាក់ទណ្ឌកម្ម កូរ៉េខាងជើងប្រសិនបើចាំបាច់៕