អភិរក្ស​តំបន់​អង្គរ

ចាប់ពីឆ្នាំ​២០០៤មក អាមេរិក​ជួយ​ជាង ៣លានដុល្លារ អភិរក្ស​ប្រាសាទ​ភ្នំបាខែង


ក្នុង​រយៈពេល​ ១៥ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ថវិកា​ជំនួយ​ឥតសំណង​ជាង ៣លាន ២សែន​ដុល្លារអាមេរិក ដល់​ការអភិរក្ស​ប្រាសាទ​ភ្នំបាខែង​​ដ៏​ល្បីល្បាញ នៅ​ក្នុង​ខេត្តសៀមរាប។ គម្រោង​អភិរក្ស​នេះ​អនុវត្ត​ដោយ​អង្គការ​ មូលនិធិ​ប្រាសាទពិភព​លោក (World Monuments Fund) សហការជាមួយ​អាជ្ញាធរអប្សរា​របស់រាជរដ្ឋាភិបាល​កម្ពុជា។
ចាប់ពីឆ្នាំ​២០០៤មក អាមេរិក​ជួយ​ជាង ៣លានដុល្លារ អភិរក្ស​ប្រាសាទ​ភ្នំបាខែង ដែល​ជាកន្លែង​ល្បីល្បាញ​បំផុត​សម្រាប់​ទស្សនា​ថ្ងៃលិច នៅតំបន់អង្គរ។
ដោយ

ថ្លែង​នៅ​ឯ​ពិធី​អបអរ​ខួប​លើកទី៣០ នៃ​ មូលនិធិ​ប្រាសាទ​ពិភព​លោក (WMF) នៅ​ភ្នំបាខែង ខេត្តសៀមរាប កាលពីថ្ងៃទី១០ មិថុនា លោក​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា Michael Newbill ប្រាប់​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក WMF តាម​រយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌ បាន​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង ដោយ​ចំណាយ​​​ទឹក​ប្រាក់​ចំនួន ៣.២២៩.០០០​ដុល្លា។ 

WMF បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​​១៩៨៩ រួច​បាន​បណ្តុះបណ្តាល​​ពលរដ្ឋ​​កម្ពុជា​​ជាង ១០០​នាក់ ឲ្យ​ក្លាយ​ជា​អ្នកមានជំនាញ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ ហើយ​បង្កើត​នូវ​អ្នកឯកទេស​ជំនាន់ថ្មី ខាង​ផ្នែក​ស្ថាបត្យកម្ម បូរាណវិទ្យា និង​វិស្វកម្ម។

លោក​ភារធារី Newbill បាននិយាយ​ដូច្នេះ​ថា ៖ «ខ្ញុំមានមោទនភាព ដែល​គម្រោង​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង គឺ​ជា​គម្រោង​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដែល​ជា​ជំនួយ​ថវិកា​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត។ តាមរយៈ​អនុស្សរណៈ​យោគយល់គ្នា ឆ្នាំ​២០០៣ ស្តីពី​សម្បត្តិវប្បធម៌ រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា (ដែល​ត្រូវ​បាន​បន្ត​នៅ​ឆ្នាំ​២០០៨, ២០១៣ និង ២០១៨) អ្នក​អាច​មើល​ឃើញ​ប្រវត្តិ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌» ។ 

ពលរដ្ឋ​កម្ពុជា​ដែលបាន​ទទួល​ការបណ្ដុះបណ្ដាល​ក្លាយ​ជា​អ្នក​អភិរក្ស​ប្រាសាទ​ ពី​អង្គការ មូលនិធិ​ប្រាសាទ​ពិភព​លោក (World Monuments Fund) តាមរយៈ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និងជាប្រធាន​អាជ្ញាធរអប្សរា ដែលបានចូលរួម​ពិធីអបអរ​ខួប​លើក​ទី៣០ នៃ​ មូលនិធិ​ប្រាសាទ​ពិភព​លោក (WMF) នៅប្រាសាទ​ភ្នំបាខែង​ ដែរនោះ មានប្រសាសន៍ថា អស់រយៈពេល ៣០ឆ្នាំ​ហើយ ដែល​ មូលនិធិប្រាសាទពិភព​លោក មានវត្តមាន​នៅ​លើទឹកដី​អង្គរ ។ 

លោកជំទាវ​បន្ត​ថា ក្នុង​រយៈពេល ៣០ឆ្នាំ​នេះ មូលនិធិ​ប្រាសាទ​ពិភព​លោក បាន​ធ្វើការអភិរក្ស​និង​ជួសជុល​ប្រាសាទ​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់នៅក្នុង​តំបន់អង្គរ ជាពិសេស ប្រាសាទ​ព្រះខ័ន តាសោម អង្គរវត្ត និង​ប្រាសាទ​ភ្នំបាខែង។ 

លោកជំទាវ​រដ្ឋមន្ត្រី​វប្បធម៌​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា មានប្រសាសន៍ដូច្នេះ​ថា ៖ «យើង​ខ្ញុំ​ និង​អាជ្ញាធរ​ជាតិ​អប្សរា មានសេចក្ដីសោមនស្ស​រីករាយ​ឥត​ឧប្បមា និង​ពេញចិត្ត​យ៉ាងខ្លាំងនូវ​លទ្ធផល​ដ៏ធំ​ធេង នៃ​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស ដោយ​អង្គការ មូលនិធិ​ប្រាសាទ​ពិភព​លោក ហើយ​បច្ចុប្បន្ន យើងមាន​មោទនភាព​បំផុត ដែលមាន​ពួកគាត់​ធ្វើការនៅតំបន់​អង្គរ»៕




អត្ថបទបន្ទាប់


អាជីវកម្មនៅ China Town ក្នុងសហរដ្ឋអាមេរិក កំពុងរងគ្រោះដោយសារ សង្គ្រាមពាណិជ្ជកម្ម

ម្ចាស់អាជីវកម្មជាច្រើន ដែលកំពុងប្រកបរបររកស៊ី នៅ China Town ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចាប់ផ្តើម រងផលប៉ះពាល់ហើយ ដោយសារតែ រដ្ឋ…

កម្មវិធី​ទូរទស្សន៍​ The Grand Tour ដែល​មាន​​អ្នក​មើល​ជាង ២០០លាននាក់ នឹង​ថត«រដូវកាលទី៤» នៅកម្ពុជា

នេះ​អាចចាត់ទុក​ជា​មោទនភាព​មួយ និងជាការជួយ​ផ្សព្វផ្សាយ​មុខមាត់​កម្ពុជា ទៅកាន់ពិភព​លោក ដែល​កម្មវិធីទូរទស្សន៍​ដ៏ល្បី​ល្បាញ​នៅ​អង់គ្លេស T…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ