កិច្ចព្រមព្រៀងនេះគឺជាដំណាក់កាលចុងក្រោយបង្អស់ នៃការធ្លាក់ចុះបន្តិចម្តងៗរបស់ក្រុមហ៊ុនមានអាយុកាល១២២ឆ្នាំ ដែលធ្លាប់ជាក្រុមហ៊ុនធំបំផុតនៅលើភពផែនដីមួយនេះ។
វាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចម្រុះធំៗដំបូងគេ និងជានិមិត្តរូបនៃកម្លាំងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែពេលនេះវាលែងជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ទៀតហើយ បន្ទាប់ពីក្រុមហ៊ុនដែក Nucor Steel បានវ៉ាដាច់កាលពីឆ្នាំមុន។
លោក ដេវីដ បឺរីត (David Burritt) នាយកប្រតិបត្តិក្រុមហ៊ុន US Steel បាននិយាយកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ពួកគេជឿជាក់ថា ការច្របាច់បញ្ចូលគ្នានេះគឺពិតជាល្អបំផុតសម្រាប់ទាំងអស់គ្នា ហើយការប្រកាសនៅថ្ងៃនោះក៏បានផ្តល់ប្រយោជន៍ដល់សហរដ្ឋអាម៉េរិក ផងដែរ គឺធានាបាននូវឧស្សាហកម្មដែកក្នុងស្រុកប្រកបដោយការប្រកួតប្រជែង ខណៈកំពុងពង្រឹងវត្តមានរបស់ពួកគេនៅទូទាំងពិភពលោក។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានកំណត់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុនដែក US Steel នឹងរក្សាឈ្មោះរបស់ខ្លួនឱ្យនៅដដែល ហើយនឹងបន្តមានទីស្នាក់ការកណ្តាលនៅទីក្រុងភីតស្បឺក (Pittsburgh) ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែអាចបង្កឱ្យមានការប្រឆាំងជំទាស់ណាមួយ។
កាលពីដើមរដូវក្តៅឆ្នាំនេះ សហជីពកម្មករដែកសហរដ្ឋអាម៉េរិក (USW) បានប្តេជ្ញាថា ពួកគេគាំទ្រតែសំណើរបស់ក្រុមហ៊ុនដែកអាម៉េរិក ឃ្លីហ្វលែន ឃ្លីហ្វ (Cleveland Cliffs) តែប៉ុណ្ណោះក្នុងការទិញយកក្រុមហ៊ុន US Steel នៅក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ ឬក៏ជាភាគហ៊ុនដែលពេលនោះមានតម្លៃជាង៣២ដុល្លារក្នុងមួយហ៊ុន ឬ ទាបជាង៤០%បើធៀបនឹងតម្លៃដែលក្រុមហ៊ុនជប៉ុន Nippon សុំទិញជាសាច់ប្រាក់។ ប៉ុន្តែក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន US Steel បានច្រានចោលសំណើសុំទិញនោះ ហើយក៏បានចាប់ផ្តើមពិចារណាពីការដេញថ្លៃផ្សេងទៀត។
ហើយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សហជីពដែលមានសមាជិកកម្មករ១ម៉ឺន១ពាន់នាក់នៅក្រុមហ៊ុន US Steel បានរិះគន់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nippon Steel នេះ។
លោក ដេវីដ ម៉ាកខល (David McCall) ប្រធានសហជីពកម្មករដែកសហរដ្ឋអាម៉េរិក (USW) បាននិយាយថា ពួកគេខកចិត្តចំពោះកិច្ចព្រមព្រៀងដែលបានប្រកាសរវាងក្រុមហ៊ុន US Steel និងក្រុមហ៊ុន Nippon នេះ ហើយថា វាបង្ហាញពីភាពលោភលន់ដែលបានដឹកមុខក្រុមហ៊ុន US Steel អស់រយៈពេលជាយូរមកហើយ។
មេដឹកនាំសហជីពរូបនេះបានបន្ថែមថា ពួកគេបានខំប្រឹងធ្វើការជាមួយក្រុមហ៊ុន US Steel ដើម្បីរក្សាក្រុមហ៊ុនអាម៉េរិក ដ៏ល្បីល្បាញមួយនេះឱ្យស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុននេះបែរជាច្រានចោលកង្វល់របស់សហជីព ហើយសម្រេចលក់វាទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេសទៅវិញ។
ទោះជាយ៉ាងណា ប្រធានសហជីពរូបនេះបានជំរុញយ៉ាងទទូចឱ្យនិយ័តកររដ្ឋជួយពិនិត្យមើលដោយប្រុងប្រយ័ត្ននូវការទិញយកក្រុមហ៊ុននេះ ហើយកំណត់ឱ្យច្បាស់ថា តើប្រតិបត្តិការទិញលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក និងផ្ដល់ផលយោជន៍ដល់កម្មករដែរ ឬយ៉ាងណា៕
អត្ថបទ៖ សុខ ជា