តុលាការកំពូលអាមេរិកកាលពីថ្ងៃចន្ទ បានច្រានចោលជាឯកច្ឆ័ន្ទនូវការសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃទី១៩ ខែធ្នូ ដើម្បីដកឈ្មោះលោក ត្រាំ ចេញពីប្រព័ន្ធបោះឆ្នោតដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញអាមេរិកមួយ ដែលហាមឃាត់មិនឱ្យអ្នកកាន់តំណែងរដ្ឋណា ចូលរួមក្នុងការបះបោរ។
ក្រុមអ្នករិះគន់ចំពោះលោក ត្រាំ បានចោទប្រកាន់លោកថា ជាអ្នកញុះញង់ និងគាំទ្រឱ្យមានការវាយប្រហារលើវិមានសភា Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ក្នុងការប៉ុនប៉ងច្រានចោលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យបានឈ្នះលោក ត្រាំ។
បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលអាមេរិកនេះហើយ លោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បាននិយាយលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមថា នេះគឺជាជ័យជម្នះដ៏ធំសម្រាប់អាមេរិក។
សូមរំលឹកថា មិនមែនមានតែរដ្ឋខូឡូរ៉ាដូមួយប៉ុណ្ណោះទេ ដែលចង់ឱ្យតុលាការដកឈ្មោះលោក ត្រាំ ចេញពីប្រព័ន្ធបោះឆ្នោតអាមេរិក សូម្បីរដ្ឋមួយចំនួនទៀតដូចជារដ្ឋអ៊ីលីណយ និងរដ្ឋម៉េន (Maine) ព្រមទាំងរដ្ឋខ្លះៗទៀត ក៏ចង់បានបែបនេះដែរ ដោយសារលោក ត្រាំ មិនព្រមទទួលយកបរាជ័យក្រោមថ្វីដៃរបស់លោក បៃដិន ខណៈអ្នកទាំងពីរគ្រោងនឹងប្រជែងគ្នាម្ដងទៀតក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ សុខ ជា