ផលិតផលកាត់ដេរ

តើការដាក់ពន្ធរបស់អាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្យាទិញផលិតផលកាត់ដេររបស់កម្ពុជា ដែរឬទេ?


មន្រ្តី និងអ្នកជំនាញក្នុងវិស័យកាត់ដេរ បានអះអាងថា ទោះបីកម្ពុជា បានរងសម្ពោធពន្ធគយពីសហរដ្ឋអាម៉េរិក យ៉ាងណាក្តី តែវាមិនបានបង្កផលប៉ះពាល់ទៅដល់ការនាំចេញ និងការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅឆ្នាំនេះ នោះទេ។ ជាមួយគ្នានេះក្រុមអ្នកជំនាញអះអាងថា ការនាំចេញ និងការបញ្ជាទិញទំនិញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅដើមឆ្នាំ២០២៥នេះ ក៏មានការកើនឡើងខ្ពស់ជាងឆ្នាំ២០២៤ ផងដែរ។ តើមានកត្តាអ្វីជំរុញឱ្យការនាំចេញ និងការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា នៅតែរក្សាបានស្ថានភាពល្អប្រសើរ?
ផលិតផលកាត់ដេរ
ដោយ

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការដាក់ពន្ធបដិការរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការបញ្ជាទិញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នោះទេ។ មិនប៉ះពាល់ក៏ដោយសារការបញ្ជាទិញសម្រាប់ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងតាំងពីមុនពេលលោក ត្រាំ ដាក់ពន្ធម្ល៉េះ ហើយក្រុមហ៊ុនក៏មិនអាចលុបចោលការបញ្ជាទិញនោះដែរ ព្រោះអាចរងការពិន័យក្នុងទំហំទឹកប្រាក់ធ្ងន់ធ្ងរ។

ម្យ៉ាងទៀតការបញ្ជាទិញផលិតផលកាបូប និងស្បែកជើង ត្រូវបានធ្វើរៀងរាល់៣ឆ្នាំម្តង ដូច្នេះការបញ្ជាទិញសម្រាប់ឆ្នាំ២០២៥ ២០២៦ និង២០២៧ ទំនងជាមិនមានបញ្ហាប្រឈមនោះទេ។ តាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ កាលពីពេលថ្មីៗនេះផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា ទទួលបានការបញ្ជាទិញបន្ថែមទៀតផងដែរ ដូច្នេះបញ្ហាពន្ធបដិការរបស់សហរដ្ឋអាម៉េរិក មិនបានធ្វើឱ្យរាំងស្ទះដល់វិស័យកាត់ដេរនៅកម្ពុជា នោះទេ ហើយការដាក់ពន្ធនេះ ក៏មិនមែនសម្រាប់តែកម្ពុជានោះដែរ។

​ស្រដៀងគ្នានេះដែរ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ទោះកម្ពុជា ស្ថិតក្នុងភាពស្រពេចស្រពិលនៃការដាក់សម្ពាធពន្ធពីអាម៉េរិកក្តី តែស្ថានភាពនៃការនាំចេញ និងការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែងជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា នៅដើមឆ្នាំ២០២៥ គឺមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ដូច្នេះហើយលោកជឿជាក់ថា បញ្ហាសម្ពាធពន្ធនេះមិនមានអ្វីជាបញ្ហាប្រឈមសម្រាប់វិស័យកាត់ដេរកម្ពុជា នោះទេ។ បើតាមអ្នកជំនាញរូបនេះ ការរក្សាបានកំណើនវិជ្ជមាននៅក្នុងវិស័យនេះ ត្រូវបានជំរុញដោយសារកត្តាអំណោយផលរបស់កម្ពុជា លើទីតាំងភូមិសាស្ត្រ និងសុខសន្តិភាព ពោលគឺរោងចក្រសហគ្រាសពីបណ្តាប្រទេសដែលជួបបញ្ហាចលាចលមួយចំនួន បានងាកមកវិនិយោគនៅកម្ពុជា ជំនួសវិញ ហើយវិនិយោគិនក៏មានទំនុកចិត្តខ្ពស់ក្នុងការបញ្ជាទិញពីកម្ពុជា ផងដែរ។

​មិនខុសគ្នានោះទេ លោក Chen Henry នាយកប្រតិបត្តិក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (GTI) ដែលជាក្រុមហ៊ុនផលិតផលិតផលកាត់ដេរ បានអះអាងថា មកទល់ពេលនេះក្រុមហ៊ុនរបស់លោក ដែលមានកម្មករបម្រើការងារជាង៥ពាន់នាក់ ពុំទាន់រងផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម ដោយសារសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក នៅឡើយទេ ខណៈទំនិញរហូតដល់២៥% នៃផលិតផលសរុបរបស់ក្រុមហ៊ុននឹងត្រូវនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក រហូតដល់ឆ្នាំ២០២៦។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា សម្រេចបានការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងការបូប ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់៥រយលានដុល្លារ មានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទីផ្សារអាស៊ាន មានកំណើន២៤% ទីផ្សារសហភាពអឺរ៉ុប មានកំណើន២០% ដោយឡែកសម្រាប់ទីផ្សារជប៉ុន មានកំណើនជិត២០% និងទីផ្សារអាម៉េរិក មានកំណើនខ្ពស់ជាងគេរហូតដល់ជាង២៥%៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាម៉េរិកកំពុងសម្រុកនាំចូលទំនិញពីចិន ក្រោយអាម៉េរិកបញ្ជុះពន្ធលើទំនិញចិន

ក្រោយសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងបញ្ចុះពន្ធនាំចូលដែលខ្លួនបានដាក់លើទំនិញចិន ពី១៤៥%មកនៅ៣០% បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាម៉េរិកជាច្…

តើការដាក់ចេញវិធានការរបស់គយ អាចទប់ស្កាត់ការហូរចូលទុរេនមិនមានគុណភាពពីប្រទេសជិតខាងកម្រិតណាដែរ?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីរឹតបន្តឹងលើការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងនៅតាមច្រកព្រំដែន សំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ