នេះជាលើកទីមួយហើយសម្រាប់រយៈពេល៦ឆ្នាំចុងក្រោយ ដែលមេដឹកនាំអាស៊ាន មកប្រមូលផ្តុំគ្នានៅក្នុងសេតវិមានអាមេរិក បន្ទាប់ពីកិច្ចប្រជុំលើកចុងក្រោយបំផុត ត្រូវបានរៀបចំឡើងក្រោមអាណត្តិរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់មហាយក្សអាមេរិក ដើម្បីបង្ហាញថា គេនៅតែផ្តោតសំខាន់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាប្រឈមរយៈពេលវែងជាមួយចិន បើទោះបីជាអាមេរិកបច្ចុប្បន្នកំពុងជាប់ដៃក្នុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
នៅថ្ងៃដំបូងនៃកម្មវិធីពោលគឺនៅល្ងាចថ្ងៃព្រហស្បតិ៍ទី១២ឧសភាម៉ោងនៅសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងជួបពិសាអាហារពេលល្ងាចជាមួយមេដឹកនាំអាស៊ាន មុននឹងចាប់ផ្តើមកិច្ចពិភាក្សានៅថ្ងៃសុក្រទី១៣ឧសភា។ នេះបើតាមការចុះផ្សារដោយសារព័ត៌មានរ៉យទ័រ។ ដោយឡែក សេតវិមានអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំអាស៊ាននឹងទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo និងតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ព្រមទាំងមេដឹកនាំធុរកិច្ចជាច្រើនទៀត នៅថ្ងៃទី១២ ឧសភា ម៉ោងនៅអាមេរិកផងដែរ។
យ៉ាងណាក៏ដោយ មេដឹកនាំអាស៊ានតែប្រាំបីរូបប៉ុណ្ណោះ ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញវត្តមានក្នុងជំនួបកំពូលលើកនេះ។ ក្នុងនោះមេដឹកនាំមីយ៉ាន់ម៉ាត្រូវបានរាំងខ្ទប់មិនឲ្យចូលរួមប្រជុំនោះទេ ដោយសារតែការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន ខណៈមេដឹកនាំហ្វីលីពីនកំពុងស្ថិតក្នុងការផ្លាស់ប្តូរបន្ទាប់ពីទើបតែឈ្នះការបោះឆ្នោតកាលពីប៉ុន្មានថ្ងៃមុន។ សេតវិមានអាមេរិក ធ្លាប់បានអះអាងកន្លងមកថា គេនឹងពិភាក្សាជាមួយអាស៊ាន ស្តីអំពីថា តើគួរទុកកៅអីមីយ៉ាន់ឲ្យនៅទំនេរ ឬមានអ្នកតំណាងឱ្យប្រទេសមីយ៉ាន់ម៉ាចូលរួមនៅក្នុងកិច្ចប្រជុំកំពូល។
បើតាមមន្ត្រីសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយថា អាមេរិក នឹងស្វែងរកការបង្កើនការវិនិយោគ និង ការចូលរួម នៅក្នុងបណ្តាប្រទេសអាស៊ានបន្ថែមទៀត។ លោក Campbell បានឲ្យដឹងដែរថា សំណុំរឿងចិន និងមីយ៉ាន់ម៉ា នឹងស្ថិតនៅក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើន ដែលត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកនេះ។ ក្រៅពីនោះនៅមាន សំណុំរឿងរស៊ើបស្មុគស្មាញនៅកោះតៃវ៉ាន់ និង សំណុំរឿងសង្គ្រាមក្តៅគគុកនៅអ៊ុយក្រែនផងដែរ។
សម្រាប់បញ្ហានៅមីយ៉ាន់ម៉ា លោក Kurt Campbell និយាយថាសហរដ្ឋអាមេរិកចង់ឱ្យមេដឹកនាំអាស៊ានដើរតួនាទី កាន់តែស៊ីជម្រៅ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារប្រទេសមីយ៉ាន់ម៉ាឱ្យដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន៕