រដ្ឋមន្ត្រីការប្រទេសអាមេរិក លោក អាន់តូនី ប្លីងខេន បាននិយាយថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះកិច្ចប្រជុំកំពូលដ៏ពិសេសជាមួយអាស៊ាន ខណៈដែលអាស៊ានគឺមានសារសំខាន់ខ្លាំងណាស់នៅក្នុងការកសាងទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏កំពុងផ្ដោតលើបញ្ហានៅប្រទេសភូមាផងដែរ ដោយលោកអាន់តូនី ប្លីងខេន អះអាងថា អាមេរិកនឹងមើលទៅលើជំហានថ្មីៗទៀត ដើម្បីប្រឆាំងទៅនឹងរបបយោធាភូមា។
មែនទែនទៅ អាស៊ានក៏បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមានេះផងដែរ ប៉ុន្ដែ មានសមាជិកមួយចំនួន បានសម្ដែងការខកចិត្តចំពោះដំណើរការយឺត ដែលនាំឲ្យមេដឹកនាំយោធាភូមា ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាភូមានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ សម្តេចនឹងខិតខំក្នុងការដោះស្រាយបញ្ហាវិបត្តិជាប់គាំងនៅក្នុងប្រទេសភូមានេះ ដើម្បីធ្វើយ៉ាងណាឲ្យអាស៊ានអាចវិលមកជុំគ្នាគ្រប់១០ប្រទេសឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ខាងមុខនេះ។ (ទាក់ទងងនឹងរឿកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននេះខ្ញុំនឹងនិយាយលម្អិតនៅវគ្គទី៣)។
ត្រឡប់មកចូលសាច់រឿងយើងវិញ ទាក់ទងនឹងប្រទេសភូមានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន ក៏បានលើកឡើងដែរថា វាគឺជារឿងសំខាន់ណាស់ នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែទៅមុខទៀតនេះ ក្នុងការពិនិត្យមើលទៅលើជំហានបន្ថែមអ្វីខ្លះទៀត និងវិធានការ ដែលគេអាចធ្វើឡើងជាលក្ខណៈបុគ្គល និងជាសមូហភាព រួមគ្នា ដើម្បីដាក់សម្ពាធទៅលើរបបយោធាភូមា ធ្វើយ៉ាងណាឲ្យប្រទេសមួយនេះ អាចត្រឡប់មកដើរលើគន្លងប្រជាធិបតេយ្យឡើងវិញ។
កន្លងមក សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត បានដាក់ទណ្ឌកម្មជាច្រើនទៅលើថ្នាក់ដឹកនាំ យោធោ និងធុរកិច្ចនៅប្រទេសភូមា ហើយកាលពីសប្ដាហ៍មុននេះ វិធានការថ្មីៗក៏ត្រូវបានដាក់ចេញបន្ថែមផងដែរ។ លោក អាន់តូនី ប្លីងខេន និយាយថា សហរដ្ឋអាមេរិក នឹងបន្ដមើលយ៉ាងដិតដល់ ថាតើ សកម្មភាពដែលធ្វើឡើងនៅក្នុងប្រទេសភូមា អាចជាអំពើប្រល័យពូជសាសន៍ដែរ ឬក៏យ៉ាងណា?
ក្រៅតែពីកិច្ចពិភាក្សាអំពីវិបត្តិនៅភូមា រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានលើកឡើងដែរថា សំណើកិច្ចប្រជុំកំពូលរវាងអាមេរិក និងអាស៊ាន ក៏ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហាជាច្រើនទៀត ដូចជាការងើបឡើងវិញពីជំងឺកូវីដ១៩ បញ្ហាអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕