យោងតាមរបាយការណ៍មួយចេញផ្សាយដោយវិទ្យាស្ថានអប់រំអន្តរជាតិ ហៅកាត់ថា IIE នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហាញថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សហរដ្ឋអាម៉េរិក ទទួលសិស្សអន្តរជាតិ រហូតដល់ទៅជាង១លាននាក់ មកពីជាង២០០ប្រទេស និងដែនដី ដោយកើនឡើង៦,៦% បើធៀបនឹងឆ្នាំសិក្សា២០២២-២០២៣។ ចំនួននិស្សិតអន្តរជាតិ ទាំងនេះ បានរួមចំណែកប្រមាណ៥០ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។
របាយការណ៍ដដែលបង្ហាញទៀតថា និស្សិតអន្តរជាតិថ្មីៗដែលទើបចុះឈ្មោះចូលរៀនមានចំនួនជាង២៩ម៉ឺន៨ពាន់នាក់។ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ សហគមន៍និស្សិតឥណ្ឌា បាននាំមុខសហគមន៍និស្សិតចិន ក្លាយជាសហគមន៍និស្សិតអន្តរជាតិ ធំជាងគេបំផុតនៅសហរដ្ឋអាម៉េរិក ដោយមាននិស្សិតឥណ្ឌា ជាង៣៣ម៉ឺន១ពាន់នាក់ បានចុះឈ្មោះចូលរៀន ពោលគឺកើនឡើងជាង២៣% ខណៈដែលនិស្សិតចិន ធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ មានចំនួនជាង២៧ម៉ឺន៧ពាន់នាក់។ ចំណែកឯនិស្សិតវៀតណាម មានចំនួនជាង២ម៉ឺន២ពាន់នាក់ ក្លាយជាហគមន៍និស្សិតអន្តរជាតិ ធំបំផុតទី៦ នៅសហរដ្ឋអាម៉េរិក។
របាយការណ៍នេះ ក៏បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនូវចំនួននិស្សិតមកពីទ្វីបអាហ្រ្វិក។ តួយ៉ាងចំនួននិស្សិតមកពីប្រទេសនីហ្សេរីយ៉ា បានកើនឡើង១៣% ជាមួយនឹងចំនួននិស្សិតលើស២ម៉ឺននាក់ ខណៈដែលចំនួននិស្សិតមកពីប្រទេសហ្គាណា បានកើនឡើង៤៥%ឈានដល់មាន១ម៉ឺននាក់។
សូមបញ្ជាក់ថា ជំនាញដែលមានសិស្សនិស្សិតអន្តរជាតិ ចុះឈ្មោះចូលរៀនច្រើនជាងគេ គឺគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដែលមាននិស្សិតសរុបប្រមាណជាង២៨ម៉ឺន១ពាន់នាក់ ដោយកើនឡើងជិត១៧%។ របាយការណ៍នេះបានព្យាករណ៍ថា ចំនួននិស្សិតអន្តរជាតិ នៅសហរដ្ឋអាម៉េរិក នឹងបន្តកើនឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ៕
ដោយ: តែម សុខុម