លោក Mike Pompeo បាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា ទណ្ឌកម្មដែលអាមេរិកបានដាក់ចេញប្រឆាំងនឹងមន្រ្តីបរទេសមួយចំនួននៅសប្តាហ៍នេះ គឺជាអ្វីដែលធ្វើឱ្យអាមេរិកមានលក្ខណៈពិសេសជាងគេ គឺជាប្រជាជាតិមួយដែលជឿជាក់លើសិទ្ធិស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា និងជាប្រជាជាតិ ដែលបានកើតឡើងដើម្បីការពារសិទ្ធិទាំងនោះផងដែរ។
លោក Mike Pompeo បាននិយាយដូច្នេះថា «យើងមិនគ្រាន់តែនិយាយទេ យើងចាត់វិធានការដើម្បីគាំទ្រពួកគេ។ យើងការពារពួកគេ នៅជុំវិញពិភពលោក ពីព្រោះ វាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើដូច្នេះ។ ជាឧទាហរណ៍ យើងកំពុងតាមដានការកាត់ក្តីមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក កឹម សុខា។»
សាលាដំបូងរាជធានីភ្នំពេញបានកំណត់កាលបរិច្ឆេទជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ បន្ទាប់ពីជាប់ឃុំនិងទទួលរងការចោទប្រកាន់ពីបទក្បត់ជាតិអស់រយៈពេលជាង ២ឆ្នាំមកហើយ។
ការជំនុំជម្រះលោក កឹម សុខា នៅខែមករា ឆ្នាំក្រោយ នឹងកើតឡើង មុនពេលសហគមន៍អឺរ៉ុបសម្រេចថា នឹងដក ឬមិនដកកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈឆ្នាំក្រោយ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បាននិយាយកាលពីថ្ងែទី១១ ខែធ្នូ ថា ករណីលោក កឹម សុខា នេះ គឺស្ថិតក្នុងដៃតុលាការ ហើយបាននិយាយថា ទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក គឺល្អ បន្ទាប់ពីមានលិខិតឆ្លងឆ្លើយគ្នាថ្មីៗនេះ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។
សម្តេច ហ៊ុន សែន បាននិយាយដូច្នេះថា «ខ្ញុំត្រៀមប្រដាប់វាយកូនគោលទៅហើយ ព្រោះលោក ត្រាំ គាត់ពូកែវាយកូនគោល។ ចង់ ឬមិនចង់ ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំទៅវាយកូនគោលឲ្យបាន ព្រោះទៅអាមេរិកច្រើនដងហើយ អត់ដែលបានវាយកូនគោលទេ។ លើកនេះ ទៅវាយកូនគោល បើបានវាយជាមួយ ត្រាំ បើ ត្រាំ មានពេល គឺវាយ។»
សម្តេច ហ៊ុន សែន បានបន្តថា «អញទៅលេងកូនគោល ជាមួយ ត្រាំ អញទៅប្រជុំជាមួយ ត្រាំ រឿងអី ត្រាំ មកសង្កត់ ក ហ៊ុន សែន»៕