ការផ្តល់ជូននេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់សារពើពន្ធឆ្នាំ២០១៩ ដែលរដ្ឋាភិបាលអាមមេរិក បានសម្រេចផ្តល់ហិរញ្ញប្បទាននេះ តាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (UASID) ។
ឯឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានមានប្រសាសន៍ថា « ការបន្តកិច្ចសហប្រតិបត្តិការទ្វេរភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំង២»។
ចំណែក ឯកឧត្ត W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាបាន ក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិវាលអាមេរិកប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌»។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការផ្តល់ហិរញ្ញប្បទាននេះ នឹងបន្តរួមចំណែកបន្ថយអត្រាមរណៈភាពមាតា និងទារកទារក ដែលមានអាយុក្រោម៥ឆ្នាំ ក៏ដូចជាការគាំទ្រកម្មវិធីនានា ក្នុងការកាត់បន្ថយ ជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី ព្រមទាំងកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ផងដែរ។
ចំពោះវិស័យអប់រំវិញហិរញ្ញប្បទាននេះនឹងជួយធ្វើឲ្យប្រសើរឡើងនូវការអានរបស់កុមារកម្ពុជា ក៏ដូចជាកាត់បន្ថយអត្រាបើបង់ការសិក្សាចោលនៅថ្នាក់វិទ្យាល័យ និងជួយបំពាក់បំប៉នបន្ថែមដល់ពលរដ្ឋកម្ពុជា ក្នុងការចូលទៅក្នុងទីផ្សារពលកម្ម។
សម្រាប់វិស័យកសិកម្ម ជំនួយនេះនឹងគាំទ្រដល់កម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗនិងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ។ ដោយឡែកវិស័យបរិស្ថាន ជំនួយនឹងគាំទ្រដល់កម្មវិធីបរិស្ថាននានា ក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាព ការប្រែប្រួលអាកាសធាតុ ជាដើម។
តាមរយៈសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានបង្ហាញថា គិតចាប់ពីខែមីនា ឆ្នាំ ២០១៦មក រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប២៥៣លានដុល្លារហើយសម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤នេះ៕