ប្រមុខ USAID ជំរុញឲ្យស្រីលង្កាដោះស្រាយអំពើពុករលួយ

ប្រធានទីភ្នាក់ងារ USAID ប្រាប់ឲ្យស្រីលង្កា ដោះស្រាយអំពើពុករលួយរបស់ខ្លួនសិន មុននឹងអាចរកច្រកចេញពីវិបត្តិសេដ្ឋកិច្ចដ៏រាំរ៉ៃ


មន្ត្រីការទូតអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ ទី ១១ ខែ កញ្ញា បានជំរុញឱ្យអាជ្ញាធរប្រទេសកោះនេះ ដោះស្រាយអំពើពុករលួយ និងធ្វើកំណែទម្រង់អភិបាលកិច្ច ដើម្បីជាស្ពានឈានទៅដល់ការស្តារសេដ្ឋកិច្ច ដែលកំពុងជួបវិបត្តិដ៏រាំរ៉ៃមកអស់រយៈពេលជាច្រើនខែមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប្រធានទីភ្នាក់ងារ USAID ប្រាប់ឲ្យស្រីលង្កា ដោះស្រាយអំពើពុករលួយរបស់ខ្លួនសិន មុននឹងអាចរកច្រកចេញពីវិបត្តិសេដ្ឋកិច្ចដ៏រាំរ៉ៃ
ដោយ

ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី សាម៉ានថា ផៅវើ (Samantha Power) បានប្រាប់អ្នកយកព័ត៌មានថា ចំណាត់ការបោសសម្អាតអំពើពុករលួយ នឹងបង្កើនការជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងក្នុងស្រុកចំពោះចេតនារបស់រដ្ឋាភិបាលស្រីលង្កា។

លោកស្រី Power បាននិយាយថា «ជំនួយតែមួយមុខ មិនអាចបញ្ចប់បញ្ហាក្នុងប្រទេសនេះបានឡើយ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ប្រធានាធិបតីស្រីលង្កាគួរតែធ្វើកំណែទម្រង់នយោបាយ និងគណនេយ្យភាពនយោបាយ ហើយវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច និងគណនេយ្យភាពសេដ្ឋកិច្ច»។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ប្រធានទីភ្នាក់ងារ USAID លោកស្រី Power បានប្រកាសផ្តល់ជំនួយសរុបចំនួន៦០លានដុល្លារដល់ប្រទេសស្រីលង្កា ហើយនិង៤០លានដុល្លារផ្សេងទៀត ដើម្បីទិញថ្នាំគីមីកសិកម្មឲ្យបានទាន់ពេលវេលាសម្រាប់ប្រើប្រាស់នៅក្នុងរដូវដាំដុះនៅប្រទេសនេះផងដែរ។

លោកស្រីបាននិយាយថា យោងតាមកម្មវិធីនៃអង្គការស្បៀងអាហារពិភពលោក មនុស្សជាង៦លាននាក់ ឬជិត៣០%នៃចំនួនប្រជាជនរបស់ប្រទេសស្រីលង្កាបច្ចុប្បន្ន កំពុងប្រឈមមុខនឹងអសន្តិសុខផ្នែកស្បៀងអាហារ និងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់។

កាលពីថ្ងៃទី១១ខែកញ្ញា លោកស្រីក៏បានផ្តល់ជំនួយបន្ថែមចំនួន២០លានដុល្លារទៀត ដើម្បីផ្តល់ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់គ្រួសារដែលងាយរងគ្រោះផងដែរ។

មែនទែនទៅ ប្រទេសស្រីលង្កាបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បន្ទាប់ពីប្រទេសនេះ បានខកខានសងបំណុលបរទេស ដែលបណ្តាលឲ្យប្រទេសធ្លាក់ក្នុងភាពក្ស័យធនផ្នែកសេដ្ឋកិច្ចដូចជា ការខ្វះខាតប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារចាំបាច់ផ្សេងទៀតផងដែរ។

ទោះបីជាយ៉ាងណា ថ្មីៗនេះ ស្រីលង្កាបានឈានដល់កិច្ចព្រមព្រៀងកម្ចីបឋម ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់កញ្ចប់ថវិកាចំនួនជិត ៣ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។ ក៏ប៉ុន្តែ កម្មវិធីនេះក៏ត្រូវពឹងផ្អែកលើម្ចាស់បំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កាផ្សេងទៀត ដែលផ្តល់ការធានាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ។

គួរជម្រាបដែរថា មកដល់ពេលនេះ បំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កាមានចំនួនជាង៥១ពាន់លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់២៨ពាន់លានដុល្លារនឹងត្រូវសងវិញទៅឲ្យប្រទេសម្ចាស់បំណុលវិញនៅឆ្នាំ២០២៧ ខាងមុខ។

ក្នុងនោះដែរ លោកស្រី សាម៉ានថា ផៅវើ បានបន្ថែមថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ការរៀបចំរចនាសម្ព័ន្ធបំណុល និងបានរំលឹកឡើងវិញថា វាពិតជាការចាំបាច់ណាស់ ដែលប្រទេសចិនត្រូវតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដូចគ្នា ព្រោះទីក្រុងប៉េកាំងក៏ជាម្ចាស់បំណុលធំជាងគេមួយរបស់ប្រទេសកោះមួយនេះដែរ៕




អត្ថបទបន្ទាប់


អាជ្ញាធរចិនកំពុងទប់ទល់នឹងការឡើងថ្លៃសាច់ជ្រូកក្នុងស្រុកដល់ជាង ៥០% ចាប់តាំងពីខែឧសភាមក

សាច់ជ្រូកជាប្រភេទសាច់ដែលពេញនិយមបំផុតក្នុងមីនុយមុខម្ហូបរបស់ជនជាតិចិន។ ប៉ុន្តែអ្នកប្រើប្រាស់នៅចិនដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងអតិផរណាជាទូ…

ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចាកចេញពីប្រទេសជាលើកដំបូង ដើម្បីទៅជួបជាមួយបុរសខ្លាំងរុស្ស៊ី កពូទីន នៅសប្ដាហ៍នេះ

លោក Xi Jinping ប្រធានាធិបតីចិននឹងឈានជើងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចនៅសប្តាហ៍នេះ ទៅកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ