វេណេស៊ុយអេឡា

លោក ត្រាំ ប្រកាសគ្រប់គ្រងវេណេស៊ុយអេឡា ក្រោយវាយឆ្មក់ចូលចាប់លោក ម៉ាឌូរ៉ូ និងភរិយា


សារព័ត៌មាន Channel News Asia បានរាយការណ៍នៅថ្ងៃទី៤ ខែមករា ថា ក្រោយពេលដែលកងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិកបានបើកការវាយឆ្មក់លើប្រទេសវេណេស៊ុយអេឡា និងបានចាប់ខ្លួនប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយាបានសម្រេច ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាម៉េរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡារហូតដល់មានការផ្លាស់ប្តូរប្រទេសនេះដោយសុវត្ថិភាព។
វេណេស៊ុយអេឡា
ដោយ

ទោះជាមានការអះអាងបែបនេះក្តី តែមជ្ឈដ្ឋាននានានៅតែមានចម្ងល់ថា តើអាម៉េរិកអាចចូលទៅគ្រប់គ្រងប្រទេសនេះដោយរបៀបណា ខណៈអ្នកនៅក្រោមបង្គាប់លោក ម៉ាឌូរ៉ូ ហាក់មិនចង់សហការជាមួយក្រុងវ៉ាស៊ីនតោន ហើយពួកគេនៅគ្រប់គ្រងប្រទេសនៅឡើយ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៣ ខែមករា បន្ទាបពីកងទ័ពពិសេសរបស់អាម៉េរិកបានវាយឆ្មក់លើប្រទេសវេណេស៊ុយអេឡា ចូលចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាថា លោកនឹងដាក់ប្រទេសនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាម៉េរិក ប៉ុន្តែមន្ត្រីវេណេស៊ុយអេឡាបានស្បថថា នឹងប្រឆាំងនឹងផែនការនេះ។ កត្តានេះបានធ្វើឱ្យមជ្ឈដ្ឋាននានាលើកជាសំណួរថា តើអាម៉េរិកគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាដោយរបៀបណា?

លោក ត្រាំ បាននិយាយថា ក្រោមប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៃទីក្រុង ការ៉ាកាស កងកម្លាំងពិសេសអាម៉េរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាពីនិវេសនដ្ឋានដ៏មានសុវត្ថិភាពមួយកន្លែងរបស់លោក។ លោកបានអះអាងថា នៅពេលនេះលោក ម៉ាឌូរ៉ូ និងភរិយាកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់សហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកនឹងគ្រប់គ្រងប្រទេសនេះរហូតដល់ពេល ដែលអាម៉េរិកអាចធ្វើការផ្លាស់ប្តូររបបនៅក្នុងប្រទេសនេះដំណើរការដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌។

ទោះជាយ៉ាងណាក៏ដោយមកទល់ពេលនេះ លោក ត្រាំ មិនទាន់បញ្ជាក់លម្អិតពីការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាដោយរបៀបណានៅឡើយទេ ស្របពេលដែលសហរដ្ឋអាម៉េរិកមិនទាន់ចូលទៅគ្រប់គ្រងប្រទេសនេះនៅឡើយ ហើយអ្នកនៅក្រោមបង្គាប់លោក ម៉ាឌូរ៉ូ បានអះអាងថា ប្រទេសនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយថែមទាំងមិនចង់សហការជាមួយនឹងទីក្រុងវ៉ាស៊ីនតោនទៀតផង។

នៅពេលនេះប្រទេសវេណេស៊ុយអេឡា ទំនងជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អនុប្រធានាធិបតីលោកស្រី ស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez)។ ក្រោយលោក ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួន លោកស្រី បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍វេណេស៊ុយអេឡាជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ហើយបានប្រកាសថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាម៉េរិក ហើយបានចាត់ទុតទង្វើរបស់អាម៉េរិកថា ជាអំពើចាប់ជំរិត រួចនៅតែចាត់ទុកលោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីរបស់ប្រទេសដដែល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់ថៃ ត្រូវបានព្យាករថា នឹងធ្លាក់ចុះជាង១០% នៅឆ្នាំ២០២៦

ការនាំចេញអង្កររបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងសម្រេចបានក្នុងរង្វង់៧លានតោននៅឆ្នាំនេះ មានការធ្លាក់ចុះជាង១០% បើធៀបនឹងឆ្នាំ២០២៥។ ការឈប់…

តើប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ជាមនុស្សបែបណា និងមានប្រវត្តិបែបណា?

គ្រាន់តែបើកទំព័រឆ្នាំថ្មី២០២៦ភ្លាម សណ្ដាប់ធ្លាប់ពិភពលោកកាន់តែក្រឡាប់ចាក់ ក្រោយប្រធានាធិបតីលោក ដូណាល់ ត្រាំ បញ្ជាឱ្យកងកម្លាំងពិសេសអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ