ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) បានកំណត់គោលដៅរកប្រាក់ចំណូលឱ្យបាន៤៤ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆ្នាំ២០២៤ នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ លោក វូ ដឹក យ៉ាង (Vu Duc Giang ) ប្រធានសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បាននិយាយថា នៅឆ្នាំ២០២៣ កន្លងទៅ នេះ ចំណូលពីការនាំចេញត្រូវបានប៉ាន់ប្រមាណថាឈានដល់ប្រមាណជា៤០ពាន់លានដុល្លារ គឺធ្លាក់ចុះប្រហែលជាង៩% បើធៀបនឹងឆ្នាំ២០២២។
លោក យ៉ាង បាននិយាយថា ស្ថិតក្នុងគ្រាដែលពិភពលោកទទួលរងផលប៉ះពាល់ជាសកលពីវិបត្តិកូវីដ-១៩ និងបញ្ហាសារពើភ័ណ្ឌដ៏ធំដោយសារតម្រូវការធ្លាក់ចុះ ការសម្រេចបានការនាំចេញក្នុងទំហំប្រមាណ៤០ពាន់លានដុល្លារ នេះគឺចាត់ទុកជាជោគជ័យដ៏ធំទៅហើយដែលបង្ហាញពីការខិតខំប្រឹងប្រែងដ៏ល្អរបស់សហគមន៍ធុរកិច្ចរបស់វៀតណាម។
លោកបានបន្ថែមថា នៅឆ្នាំ២០២៣ វៀតណាម បាននាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរចូលទៅកាន់ប្រទេស និងដែនដីសរុបចំនួន១០៤។
យោងតាមសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក នៅតែជាប្រទេសនាំចូលផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម ដ៏ធំបំផុតជាមួយនឹងទំហំជាង១១ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសជប៉ុន ក្នុងទំហំប្រហែល៣ពាន់លានដុល្លារ កូរ៉េខាងត្បូង ប្រមាណ២,៤៣ពាន់លានដុល្លារ និងសហភាពអឺរ៉ុប ទាំងមូលក្នុងទំហំ២,៩ពាន់លានដុល្លារ៕
ដោយ: សរ សុជាតិ