សារព័ត៌មាន Vietnam News បានរាយការណ៍ថា សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញសរុបរបស់វៀតណាម ទៅកាន់ទីផ្សារនៅក្រៅប្រទេសត្រូវបានព្យាករថា នឹងមានទំហំដល់ទៅ៣៥៥ពាន់លានដុល្លារ ដោយធ្លាក់ចុះ៤,៥% ប៉ុន្តែនៅឆ្នាំក្រោយរដ្ឋាភិបាលវៀតណាម ដាក់គោលដៅបង្កើនការនាំចេញឱ្យបាន៦% និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំប្រមាណ១៥ពាន់លានដុល្លារ ។
លោក ជុង វ៉ាន់ កាំ (Truong Văn Cẩm ) អនុប្រធាន និងអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បាននិយាយថា នៅឆ្នាំ២០២៣ ឧស្សាហកម្មនេះអាចនាំចេញបានប្រមាណ៤០ពាន់លានដុល្លារ តែនៅឆ្នាំ២០២៤ គឺជំរុញឱ្យឈានដល់៤៤ពាន់លានដុល្លារ ដែលកើនឡើងជាង៩%។
សម្រាប់ឧស្សាហកម្មគ្រឿងសមុទ្រ វៀតណាម បានកំណត់គោលដៅនាំចេញក្នុងរង្វង់៩,៥ពាន់លានដុល្លារ ទោះបីជាមានការព្យាករថា ឧស្សាហកម្មនេះនឹងបន្តប្រឈមការលំបាកជាច្រើននៅឆ្នាំ២០២៤ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប យ៉ាងណាក្ដី។
ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដល់គោលដៅកំណត់ លោក ង្វៀន កាំ ត្រាង ( Nguyen Cẩm Trang) អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅកំណើននាំចេញឱ្យបាន៦%នៅឆ្នាំក្រោយ ក្រសួងនឹងជំរុញការចរចា និងចុះកិច្ចព្រមព្រៀងថ្មីៗ ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសក្តានុពលផ្សេងៗទៀតដើម្បីធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។
នៅពេលនេះគេដឹងថា វៀតណាម អាចនាំចេញផលិតផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ។ ក្រៅពីឧស្សាហកម្មកាត់ដេរដែលជាឧស្សាហកម្មធុនស្រាល វៀតណាម នៅអាចមានលទ្ធភាពនាំចេញរថយន្ត គ្រឿងអេឡិចត្រូនិច ខណៈដែលកសិកម្មក៏មានសក្តានុពលសម្បើមដែរ ពោលគឺអាចនាំចេញតាំងពីអង្ករ កៅស៊ូ ផលិតផលជលផល បន្លែ ផ្លែឈើ ហើយក៏មានទាំងការនាំចេញនូវបច្ចេកវិទ្យាផងដែរ ។
ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាមគឺ ចិន អាម៉េរិក និងសហភាពអឺរ៉ុប ហើយនៅពេលនេះវៀតណាម ក៏កំពុងតែបង្កើតនូវមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងប្រទេសផ្សេងៗទៀតជាច្រើនផងដែរ៕
ដោយៈ សរ សុជាតិ