ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថាតាមទូរស័ព្ទថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានសម្រេចលក់ភាគហ៊ុន៣៥% របស់ខ្លួននៅក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារទៅឲ្យក្រុមហ៊ុនចិនមួយកាលពីពេលថ្មីៗ។ ឯកឧត្តមបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យក្រុមហ៊ុននេះ សម្រេចលក់ភាគហ៊ុនរបស់ខ្លួនគឺបន្ទាប់ពីក្រុមហ៊ុននេះជួបបញ្ហាហិរញ្ញវត្ថុ សារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ ដូច្នេះការលក់នេះ គឺដើម្បីយកថវិកាទៅដោះស្រាយបញ្ហាហិរញ្ញវត្ថុ ក៏ដូចជារក្សាប្រតិបត្តិការរបស់ក្រុមហ៊ុន។
បើតាមការលើកឡើលរបស់ឯកឧត្តម តឹក រ៉េតចំរេច មិនមែនមានតែក្រុមហ៊ុនវៀតណាមនេះមួយទេ ដែលប្រកាសលក់ភាគហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ក៏ចង់លក់ភាគហ៊ុនរបស់ខ្លួនដែរក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ។ ទោះយ៉ាងណា ឯកឧត្តមរំពឹងថា វិស័យអាកាសចរណ៍កម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ ក្រោយចិនបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ ហើយសង្គ្រាមនៅអ៊ុយក្រែនត្រូវបានដោះស្រាយ។
គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាងលើបានទិញភាគហ៊ុន៤៩% របស់ក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរកាលពីអំឡុងឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាលកម្ពុជាមានកាន់កាប់ភាគហ៊ុន៥១%។ ប៉ុន្តែក្រោយពិភពលោកទទួលរងនៅការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបង្ហាញចេតនាដោយចង់លក់ភាគហ៊ុនរបស់ខ្លួននៅ Cambodia Angkor Airline តាំងពីឆ្នាំ២០២០មកម្ល៉េះ។ រហូតដល់ដើមឆ្នាំ២០២២ នេះ ភាគហ៊ុន៣៥%របស់ក្រុមហ៊ុនត្រូវបានលក់ចេញ ខណៈ១៤%ទៀត គ្រោងលក់ផ្តាច់នៅត្រឹមចុងឆ្នាំនេះ។
តាមការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Vietnam Airlines បានខាតបង់ប្រាក់ដល់ទៅ ជាង៩៥៥លានដុល្លារអាមេរិក ខណៈនៅត្រីមាសទី១ឆ្នាំនេះ ក្រុមហ៊ុនអាកាសចររដ្ឋវៀតណាមមួយនេះ នៅតែបន្ដមានការខាតបង់សុទ្ធ ដល់ទៅជាង១១៣លានដុល្លារអាមេរិកផងដែរ៕