ការប្រឈមនឹងការដកឈ្មោះចេញពីផ្សារភាគហ៊ុននេះ ដោយសារតែក្រុមហ៊ុន Vietnam Airlines រកស៊ីខាតបង់កាន់ច្រើនឡើងៗ ពិសេសនៅរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែកូវីដ១៩ ហើយវាក៏បានធ្វើបាត់បង់ទំនុកចិត្តសម្រាប់អ្នកវិនិយោគផងែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានវៀតណាម VN Express។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋវៀតណាមនោះ ត្រូវបានព្រមានដោយនិយ័តករនៃផ្សារភាគហ៊ុននៅទីក្រុងហូជីមិញកាលពីដើមខែកញ្ញានេះ អំពីលទ្ធភាពនៃការដកក្រុមហ៊ុននេះ ចេញពីផ្សារភាគហ៊ុន ដោយសារតែក្រុមហ៊ុនអាកាសចរណ៍នេះរងនូវការខាតបង់កាន់តែច្រើនឡើងៗជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ ក៏បាននិងកំពុងព្យាយាមកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។
ទោះយ៉ាងណា ការដកចេញ ឬមិនដក ក្រុមហ៊ុន Vietnam Airlines ពីផ្សារភាគហ៊ុននោះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះ និងការយល់ព្រមពីរាជរដ្ឋាភិបាល សម្រាប់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន
ទោះយ៉ាងណា បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលរួមបញ្ចូលនូវការផ្ដាច់ចេញពីក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការដាក់លក់ភាគហ៊ុនបន្ថែម នឹងផ្ដល់ប្រភពហិរញ្ញវត្ថុបន្ថែមសម្រាប់ក្រុមហ៊ុននេះ ក្នុងការស្ដារអាជីវកម្មរបស់ខ្លួនឡើងវិញ។
មែនទែនទៅ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Vietnam Airlines គឺក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Pacific Airlines បានកត់ត្រាពីការខាតបង់ប្រហែលជិត២៣០លានដុល្លារ ហើយក៏មានអ្នកវិនិយោគចំនួន៣ដែរ ដែលចាប់អារម្មណ៍ទិញយកក្រុមហ៊ុននេះ ប៉ុន្ដែ វានៅមានបញ្ហាខុសគ្នានៅត្រង់ផ្នែកនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុន Vietnam Airlines។
សូមបញ្ជាក់ថា ក្រុមហ៊ុន Vietnam Airlines បានជួបបញ្ហាខាតបង់ធ្ងន់ធ្ងរចាប់តាំងពីមានកូវីដ១៩រាតត្បាតមក ដោយសារតែការផ្អាកជើងហោះហើរជាច្រើននៅទៅទាំងពិភពលោក។
កាលពីឆ្នាំ២០២១ ក្រុមហ៊ុនវៀតណាម Airlines បានខាតបង់សុទ្ធអស់ប្រហែលជាង៥៨២លានដុល្លារ ហើយកាលពីមិថុនាកន្លងទៅនេះ ក្រុមហ៊ុននេះ ក៏បានសម្រេចលក់ភាគហ៊ុនទាំងស្រុង ៤៩% របស់ខ្លួន ដែលមាននៅក្នុងក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរ របស់កម្ពុជាផងដែរ។ ដោយក្នុងនោះ ភាគហ៊ុន ៣៥% បានលក់ទៅឲ្យក្រុមហ៊ុនចិនក្នុងតម្លៃ៣៥លានដុល្លារ ខណៈ១៤% ដែលនៅសល់នឹងលក់ផ្ដាច់នៅត្រឹមចុងឆ្នាំ២០២២៕