ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារទី២៥ ខែកក្កដា ក្នុងឱកាសដែល លោក ត្រាន់ លុក ក្វាង (Tran Luu Quang) ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែល ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន VN Express ។
សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានចុះរួមជាមួយនឹង កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ ពន្ធគយ និងច្បាប់ជាដើម។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ វៀតណាមនឹងអាចទទួលបានការដកពន្ធចេញ យ៉ាងហោចណាស់ ៨៦% នៃផលិតផលវៀតណាមចូលទៅអ៊ីស្រាអែល ហើយផលិតផលអ៊ីស្រាអែល គឺអាចទទួលការអនុគ្រោះពន្ធដល់ទៅ ៩៣% ។
ឆ្លងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា ប្រទេសទាំងពីររំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ២ពាន់២រយលានដុល្លារ កាលពីឆ្នាំមុនទៅដល់ ៣ ពាន់លានដុល្លារក្នុងពេលខាងមុខនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមក៏កំពុងតែមានក្តីសង្ឃឹម នៅក្នុងការបន្តចែកចែកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅមជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង ឬអឺរ៉ុបខាងត្បូងផងដែរ ។
រហូតមកដល់ពេលនេះគេដឹងថា វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ហើយតាមរយៈកិច្ចព្រមព្រៀងទាំងនេះ កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម មានតម្លៃរហូតដល់ទៅ ជាង៧៣២ ពាន់លានដុល្លារ កើនឡើងរហូតដល់ទៅ ៩,៥%។
នៅពេលនេះវៀតណាមកំពុងតែពង្រីកការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសមួយចំនួនទៀត ដែលមានរួមមានដូចជាស្វីស ន័រវេស អៀរឡង់ អារ៉ាប់រួម អាស៊ាន-កាណាដា ជាដើម៕
ដោយៈ សរ សុជាតិ