ណាណូ ដ្រាហ្គន បាញ់បង្ហោះឡើងបាន ក៏ដោយសារតែវា ភ្ជាប់ទៅជាមួយគ្រាប់រ៉ុកកែតឈ្មោះ អ៊ីបស៊ីឡុន៥ (Epsilon 5) យកមកពីមជ្ឈមណ្ឌលអវកាស យូឈីណូយូរ៉ា (Uchinoura) ក្នុងខេត្តកាហ្គូស៊ីម៉ា (Kagoshima) នៃប្រទេសជប៉ុន ហើយរ៉ុកកែត ភ្ជាប់ទៅជាមួយយានផ្កាយរណបរបស់វៀតណាមនេះ គឺផលិតឡើងដោយ ទីភ្នាក់ងាររុករកអវកាសជប៉ុន។
ក្រៅតែពីនាំយកផ្កាយរណប ណាណូ ដ្រាហ្គន ទៅលើអាកាសហើយនោះ រ៉ុកកែត Epsilon 5 ក៏បានពាំនាំទៅជាមួយនូវ ផ្កាយរណបចំនួន៨ផ្សេងទៀត ដែលផលិតដោយប្រទេសជប៉ុនផងដែរ។
លោក វូ ហុងណាំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន បាននិយាយ ពីទីកន្លែងបាញ់បង្ហោះផ្កាយរណបថា នេះជាសមិទ្ធិផលដំបូងប្រកបដោយមោទនភាពសម្រាប់ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម និងបានកត់សម្គាល់ពីជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ឧស្សាហកម្មអវកាសរបស់វៀតណាម។
គួរជម្រាបថា NanoDragon គឺជាផ្កាយរណបទំហំតូច ដែលមានទំងន់ប្រហែល ៤គីឡូក្រាមប៉ុណ្ណោះ។ ដំណើរការស្រាវជ្រាវ ការរចនា ត្រូវបានធ្វើឡើងទាំងស្រុងនៅក្នុងប្រទេសវៀតណាម ដោយអ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌលអវកាសជាតិវៀតណាម។
រចនាសម្ព័ន្ធមេកានិកទាំងមូល សៀគ្វីចែកចាយថាមពល និងសៀគ្វីជំនួយមួយចំនួនក៏ត្រូវបានផលិតនៅប្រទេសវៀតណាមផងដែរ។ ប៉ុន្តែ ដោយសារការខ្វះខាតសម្ភារៈមួយចំនួន ក្នុងប្រទេស វៀតណាម ដំណើរការសាកល្បងយានអវកាសនេះ ត្រូវបញ្ជូនទៅធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យា Kyushu ក្នុងប្រទេសជប៉ុន។ សូមបញ្ជាក់ថា ផ្កាយរណប NanoDragon នេះមានតួនាទីតាមដាន និង បញ្ជូនព័ត៌មានទៅវិញទៅមកសម្រាប់នាវាធំៗ ដែលចរាចរក្នុងដែនសមុទ្រវៀតណាម៕