វៀតណាមដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា អាចរកចំណូលបានជិត២ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញបន្លែនិងផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ ដោយមានការកើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គ្រាន់តែនៅក្នុងខែមេសា ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថាឈានដល់ ៥៤០លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៥% បើធៀបនឹងខែមីនា និងកើនឡើងប្រមាណ៣៨%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយវៀតណាម។
ទីផ្សារគោលដៅធំៗបំផុត ដែលវៀតណាម បាននាំចេញបន្លែ ផ្លែឈើ រួមមាន ចិន អាម៉េរិក កូរ៉េ កម្ពុជា និង ប្រទេសថៃ។
ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតក្រោមចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម និយាយថា ខ្លួនរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើរួមទាំងទុរេនផងនឹងកើនឡើងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំនេះ។ តាមការរំពឹងទុក ផលិតផលកសិកម្មរបស់វៀតណាមចំនួន៤មុខបន្ថែមទៀត នឹងត្រូវនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន រួមមានរុក្ខជាតិឱសថ ដូង ផ្លែឈើបង្កក និងឪឡឹក។
លើសពីនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម បានព្យាករថា ឧស្សាហកម្មបន្លែ និងផ្លែឈើនឹងបន្តសាងកំណត់ត្រាថ្មីនៅឆ្នាំនេះ ជាមួយនឹងការរំពឹងទទួលបានចំណូលពីការនាំចេញ ចន្លោះពី៦ទៅ៦,៥ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង១៥%បើធៀបនឹងឆ្នាំមុន។
ដោយឡែក រយៈពេល៤ខែដើមឆ្នាំ២០២៤ នេះ វៀតណាមបាននាំចូលបន្លែ និងផ្លែឈើពីប្រទេសនានាមានតម្លៃសរុបជាង៦៤២លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះគ្រាន់តែនៅក្នុងខែមេសា ប្រទេសក្បែរខាងកម្ពុជាមួយនេះ បាននាំចូលបន្លែ និងផ្លែឈើបានឈានដល់ជិត១៥០លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម