ការឈានទៅរកការទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយនឹង EU នេះ គឺដោយសារតែភាគីទាំងពីរ ឯកភាពគ្នាលើការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកស្រី Cecilia Malmstrom
ស្នងការពាណិជ្ជកម្មរបស់ EU បាននិយាយថា មិនមាននរណាម្នាក់បដិសេធថា មានបញ្ហាសិទ្ធិមនុស្សនៅវៀតណាមនោះឡើយ។
នៅថ្ងៃសុក្រ ទី២៦ ខែតុលានេះ EU នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសសាំងហ្គាពួរដែរ ខណៈដែលប្រទេសឥណ្ឌូនេស៊ី កំពុងស្ថិតនៅក្នុងការជជែកពិភាក្សាគ្នា។
គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើសភាពអឺរ៉ុប ដែលជាអ្នកជជែកវែកញែក និងបោះឆ្នោតសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU នឹងសាំងហ្គាពួរ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU ជាមួយជប៉ុន នៅថ្ងៃសុក្រ ទី២៦ ខែតុលា ថានឹងអាចសល់ពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សា និងបោះឆ្នោតសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងវៀតណាម នៅក្នុងអំឡុងពេលនោះដែរ ឬយ៉ាងណានៅឡើយទេ។
ទោះយ៉ាងណា កិច្ចព្រៀមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានគេដឹងថា អាចនឹងលុបបំបាត់ពន្ធនាំចូលរហូតទៅវិញទៅមករវាងវៀតណាម និង EU រហូតដល់ ៩៩% ប៉ុន្ដែ មានទំនិញខ្លះអាចធ្វើឡើងទៅតាមដំណាក់កាល និងខ្លះទៀត ពិសេស ផលិតផលកសិកម្មអាចកំណត់ជាកូតានាំចេញ។
ជាឧទាហរណ៍ ប្រសិនបើវៀតណាម ទទួលបានកិច្ចព្រមពៀងពាណិជ្ជកម្មសេរីពីអឺរ៉ុបមែន នោះវៀតណាមអាចនឹងត្រូវលុបពន្ធនាំចូលឡាន និងស្រា ពីប្រទេសអឺរ៉ុប។ រីឯ អឺរ៉ុបវិញ អាចនឹងលុបបំបាត់ពន្ធលើទំនិញសំខាន់ៗរបស់វៀតណាម ដូចជា វាយនភ័ណ្ឌ សំលៀកបំពាក់ និងស្បែកជើង ជាដើម។
ស្របពេលដែលវៀតណាម នឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនេះដែរ ប្រទេសអាស៊ានចំនួនពីរឯណេះវិញ គឺមីយ៉ាន់ម៉ា និងកម្ពុជា បាននិងកំពុងប្រឈមនឹងការរបូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
ជាក់ស្ដែង នាពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជាថា ខ្លួននឹងចាប់ផ្ដើមអនុវត្តដំណើរការនីតិវិធីសម្រាប់ការដកការអនុគ្រោះពន្ធក្រោមកម្មវិធី «ទំនិញគ្រប់មុខលើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប និងថា ដំណើរការនេះអាចនឹងឈានទៅដល់ការព្យួរការអនុគ្រោះពន្ធក្រោមកម្មវិធី EBA ប្រសិនបើកម្ពុជាមិនធ្វើឲ្យមានការកែលម្អច្បាស់លាស់ និងមានភ័ស្តុតាងបញ្ជាក់ទេនោះ។
អ្នកវិភាគ និងអ្នកសេដ្ឋកិច្ចលើកឡើងជារឿយៗ ថា ប្រសិនបើកម្ពុជាបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នេះ វិស័យដែលនឹងរងផលប៉ះពាល់ខ្លាំងជាងគេបំផុត គឺវិស័យកាត់ដេរនិងផលិតស្បែកជើង ដែលផ្ដល់ការងារដល់កម្មករជាង ៧សែននាក់។
ទោះជាយ៉ាងនេះក្ដី ជុំវិញការអនុគ្រោះពន្ធក្រោមកម្មវិធី EBA មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្លាប់លើកឡើងជារឿយៗ ថា មែនទែនទៅ ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងមិនស្ថិតនៅជាមួយកម្ពុជា បានរហូតនោះទេ ពោលគឺវានឹងត្រូវបាត់បង់នៅថ្ងៃណាមួយ ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមានសម្រាប់តែប្រទេសមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ (LDC) ដូច្នេះ ប្រសិនបើកម្ពុជា ឡើងឋានៈហួសពីនេះ ច្បាស់ណាស់ កម្ពុជានឹងត្រូវរបូត EBA នេះហើយ៕