ជាមួយគ្នានេះវៀតណាមរំពឹងថា នឹងមានបណ្ដាអ្នកវិនិយោគឯកជនមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលរហូតមកទល់ពេលនេះមិនទាន់ទទួលបានជោគជ័យជាដុំកំភួននៅឡើយទេ នៅក្នុងការកៀរគរប្រមូលមូលធនឯកជន។
ក្រុមហ៊ុន CT Group កាលពីពេលថ្មីៗនេះបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីវៀតណាម អនុម័តការបោះទុនវិនិយោគក្នុងទំហំប្រមាណ១០ពាន់លានដុល្លារអាម៉េរិករបស់ខ្លួន ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែប្រវែង១៧៤គីឡូម៉ែត្រ តភ្ជាប់រវាងក្រុងហូជីមិញ និងក្រុងកឺនថឹ ឬដែលខ្មែរស្គាល់ច្បាស់ថា ព្រែកឫស្សី ក្នុងតំបន់ដីសណ្តទន្លេមេគង្គ (Mekong Delta) ដែលការវិនិយោគនេះ នឹងធ្វើឡើងក្រោមទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP)។
ក្រុមហ៊ុន CT Group មិនមែនជាអ្នកវិនិយោគឯកជនដំបូងនោះទេ ដែលមានចំណាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅវៀតណាម។ តួយ៉ាង កាលពីដើមឆ្នាំ២០១៨ ក្រុមហ៊ុនកូរ៉េខាងត្បូង ឡត អ៊ី អ៊ែន ស៊ី (Lotte E&C) ក៏បានដាក់ពាក្យស្នើសុំវិនិយោគលើគម្រោងមួយផងដែរ ដើម្បីជួសជុលកែលម្អផ្លូវដែកមួយខ្សែ និងសាងសង់ផ្លូវដែកមួយខ្សែទៀតផងដែរក្រោមទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP)។
ហើយកាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនជប៉ុន អ៊ីស ចាភែន រ៉េលវ៉េ ខាំភែនី (East Japan Railway Company) ក៏បានដាក់ពាក្យទៅថ្នាក់ដឹកនាំនៃក្រសួងដឹកជញ្ជូនវៀតណាម ផងដែរ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងជួសជុលកែលម្អផ្លូវដែកមួយខ្សែ។
ទោះជាយ៉ាងណា ក្នុងចំណោមគម្រោងខាងលើនេះ គ្មានគម្រោងណាមួយរីកចម្រើនជាដុំកំភួននៅឡើយរហូតមកទល់ពេលនេះ ថ្វីបើទទួលបានការគាំទ្រយ៉ាងសកម្មពីក្រសួងដឹកជញ្ជូនវៀតណាម យ៉ាងណាក្ដី។
ជាការពិតណាស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្នុងទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP) តែងតែមានការយឺតយ៉ាវ ហើយទទួលបានការចាប់អារម្មណ៍តិចតួចពីអ្នកវិនិយោគឯកជន ដែលខុសពីគម្រោងផែសមុទ្រ ផ្លូវថ្នល់ និងអាកាសចរណ៍។
ឧបសគ្គដ៏ធំបំផុតក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក គឺថា គម្រោងនានាក្នុងវិស័យនេះត្រូវការដើមទុនវិនិយោគធំខ្លាំងណាស់ ហើយផ្តល់ប្រាក់ចំណេញទាប និងត្រូវការរយៈពេលវែងទម្រាំរួចដើមវិញ។
លើសពីនេះ យន្តការលើកទឹកចិត្ត និងការគាំទ្រសម្រាប់អ្នកវិនិយោគឯកជនមិនទាន់មានការណែនាំពីបណ្ដាទីភ្នាក់ងារមានសមត្ថកិច្ចឱ្យចាប់ផ្ដើមអនុវត្តនៅឡើយទេ ទាក់ទិននឹងការវិនិយោគលើកម្រោងអភិវឌ្ឍន៍ផ្លូវដែក៕
ដោយ: តែម សុខុម