ប្រភពព័ត៌មានពីសារព័ត៌មាន VN Express បានចុះផ្សាយដោយយោងរបាយការណ៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា ការដឹកជញ្ជូនអ្នកដំណើររបស់វៀតណាមត្រូវបានរំពឹងនឹងកើនឡើងដល់ ៨០លាននាក់នៅឆ្នាំ២០២៣ ពោលគឺមានកំណើនប្រមាណ ៤៥% ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ការដឹកជញ្ជូនទំនិញនៅក្នុងឆ្នាំ២០២៣ ក៏រំពឹងមានដល់ជាង១លាន៤សែនតោន ស្មើនឹងកំណើនប្រមាណ ១៥% ធៀបនឹងឆ្នាំមុន។
បើគេធ្វើការប្រៀបធៀបកាលពីឆ្នាំ២០១៩ ពោលគឺនៅមុនពេលកូវីដ១៩រាតត្បាត ឃើញថា កំណើននៅក្នុងការដឹកជញ្ជូនអ្នកដំណើរដែលរំពឹងទុកនៅឆ្នាំ២០២៣ នឹងកើនឡើងលើសឆ្នាំ២០១៩ប្រមាណ ១% ខណៈដែលការដឹកជញ្ជូនទំនិញវិញមានកំណើនលើសឆ្នាំ២០១៩ជិត១៥% ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានរំពឹងទុកដែរថា នៅឆ្នាំ២០២៣ ចំនួនអ្នកដំណើរពីវៀតណាមប្រមាណ ៣៤លាននាក់ នឹងធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដែលមានកំណើនប្រមាណ ៣ដង បើធៀបនឹងឆ្នាំមុន។
បើទោះបីជា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម កំពុងមើលឃើញពីកំណើនខ្ពស់នៅក្នុងទីផ្សារអាកាសចរណ៍ក្នុងស្រុក និងទីផ្សារអន្តរជាតិនឹងអាចឈានដល់កម្រិតកំណើនប្រហាក់ប្រហែលនៅមុនកូវីដ១៩ នៅត្រឹមឆ្នាំចុង២០២៣នេះក្ដី ប៉ុន្ដែ ទីផ្សារអាកាសចរណ៍ ក៏នៅតែប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ តួយ៉ាង នៅវៀតណាមមានអាកាសយានដ្ឋានខ្នាតធំតិចតួចប៉ុណ្ណោះ ដែលអាចប្រឈមនឹងការខ្វះខាតសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលអ្នកដំណើរ។ ជាមួយគ្នានេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ កង្វះខាតបុគ្គលិក និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងក្ដីបារម្ភអំពីការឆ្លងរាតត្បាតកូវីដ១៩ឡើងវិញ ក៏ជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មអាកាសចរនៅឆ្នាំនេះផងដែរ។
ចំពោះទំនាក់ទំនងទេសចរណ៍រវាងវៀតណាម និងចិនវិញ ត្រូវបានគេមើលឃើញថា អាចនឹងត្រូវការពេលវេលាយូរទៀត ទើបអាចវិលត្រឡប់មករកកម្រិតកំណើននៅមុនកូវីដ១៩ឡើងវិញបាន បើទោះបីជា ប្រទេសចិនបច្ចុប្បន្នមានសកម្មភាពធ្វើដំណើរ និងសេដ្ឋកិច្ចជាមួយវៀតណាមឡើងវិញក៏ដោយ។
របាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាមបង្ហាញថា កាលពីឆ្នាំ២០២២ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសជាង ៣លាន៦សែននាក់ ប៉ុន្ដែ មានកម្រិតប្រមាណត្រឹមតែ ២០% ប៉ុណ្ណោះ នៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលធ្លាប់ទទួលបាន ១៨លាននាក់ កាលពីឆ្នាំ២០១៩។ ដោយឡែក នៅឆ្នាំ២០២៣នេះ វៀតណាមមានគោលដៅ នឹងស្រូបទាញទេសចរអន្តរជាតិឲ្យបាន៨លាននាក់៕