សមាគមដែកវៀតណាម គូសបញ្ជាក់ថា ផលិតកម្មដែក និងការលក់ដែកវៀតណាម គឺសម្រេចបាន ២លាន ៤សែនតោនដូចគ្នាដែរ ដែលមានកើនឡើង ២០% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ដោយឡែក នៅក្នុងរយៈពេល ១១ខែដើមឆ្នាំ ២០២០នេះ ផលិតកម្មដែក និងការលក់ដែកវៀតណាម ស្ថិតនៅក្នុងកម្រិតមួយថេរ ពុំមានការឡើងចុះនោះទេ តែយ៉ាងណា ការនាំចេញដែកវៀតណាម សម្រេចបានជាង ៤លានតោន ដែលមានការធ្លាក់ចុះ ៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០១៩។
សមាគមដែកវៀតណាម បន្ថែមថា តម្លៃនៃវត្ថុធាតុដើម ដូចជា រ៉ែដែក និងកម្ទេចដែក បានកើនឡើងខ្លាំងនៅក្នុងខែតុលាកន្លងទៅ ដែលធ្វើឲ្យតម្លៃដែក កាន់តែឡើងថ្លៃ នៅក្នុងខែវិច្ឆិកាកន្លងមកនេះ។
លើសពីនេះ បញ្ហាពាណិជ្ជកម្មសកល កាន់តែមានភាពចង្អៀតចង្អល់ ហើយផលប៉ះពាល់នៃ បញ្ហាមេរោគកូវីដ-១៩ បានធ្វើឲ្យតម្លៃដែក កើនឡើងបន្ថែមទៀត។
គួរជម្រាបដែរថា ចំពោះតម្លៃដែកក្នុងស្រុកវៀតណាម គិតជាមធ្យម គឺប្រមាណ ៧០សេនដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃនៅដើមខែធ្នូនេះ មានកំណើន ២០សេនដុល្លារ ធៀបនឹងខែវិច្ឆិកា ហើយតម្លៃនេះ ក៏អាស្រ័យទៅតាមប្រភេទផលិតផល និងម្ចាស់ផលិតកម្មផងដែរ៕