ការនាំចេញផលិតផលវារីវប្បកម្មរបស់វៀតណាម នៅឆមាសទី២ ឆ្នាំ២០២១នេះ ត្រូវបានរំពឹងថានឹងបន្ដកើនឡើងទៀត ដែលនឹងជំរុញឲ្យការនាំចេញពេញមួយឆ្នាំអាចនឹងហក់ឡើងដល់ ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ត្រីប្រាគឺជាផលិតផលរួមចំណែកធំបំផុតក្នុងកំណើននៃការនាំចេញផលិតផលវារីវប្បកម្មរបស់វៀតណាម។
នៅទីផ្សារអាមេរិក ក្រុមហ៊ុនកែច្នៃត្រីប្រារបស់វៀតណាមចំនួន២ ត្រូវបានផ្តល់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃសូន្យភាគរយ ដែលវាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអាមេរិក ខណៈពេលដែលការនាំចេញត្រីប្រាវៀតណាមទៅកាន់ទីផ្សារជាច្រើនរួមមាន ម៉ិកស៊ិក ប្រេស៊ីល អង់គ្លេស ថៃ ហូឡង់ កូឡុំប៊ី និងរុស្ស៊ីបានបង្ហាញពីការកើនឡើងក្នុងអត្រាកំណើន ៣ ខ្ទង់ដែរ ដែលវាជាការប៉ះប៉ូវដល់ការធ្លាក់ចុះនៃទីផ្សារចិន។ ប៉ុន្ដែ ចិននៅតែជាប្រទេសនាំចូលត្រីប្រាធំជាងគេពីប្រទេសវៀតណាម ដែលមានចំណែកប្រមាណ ២៦ ភាគរយនៃការនាំចេញសរុប។
សមាគមអ្នកនាំចេញផលិតផលគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា នៅ៦ខែដំបូងឆ្នាំ ២០២១ ការនាំចេញត្រីធូណាទទួលបានចំណូល ៣៦៤ លានដុល្លារកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញមឹកទទួលបានចំណូលសរុប ២៧៧ លានដុល្លារអាមេរិកពោលគឺកើនឡើង ១៥ ភាគរយ។ ក្នុងនេះសហរដ្ឋអាមេរិកនាំចូលត្រីធូណារបស់វៀតណាមចំនួន ៤៣ភាគរយ ស្របពេលការនាំចេញមឹករបស់ប្រទេសវៀតណាមទៅកាន់ប្រទេសអ៊ីតាលី កាណាដា និងអ៊ីស្រាអែលក៏បានកើនខ្ពស់ដែរ។ ប៉ុន្ដែ ប្រទេសដែលនាំចូលមឹកពីវៀតណាមច្រើនជាគេ គឺប្រទេសកូរ៉េខាងត្បូងដែលមានចំណែកដល់ទៅជាង៤០%៕
អត្ថបទ៖ ស៊ើង និមល់