
ក្រុមហ៊ុន Fukang Technology ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Foxconn នឹងទទួលខុសត្រូវលើការវិនិយោគនេះ។ ក្រុមហ៊ុនដែលមានប្រភពមកពីកោះតៃវ៉ាន់មួយនេះ នឹងផ្តើមសាងសង់រោងចក្រផលិត នៅភាគខាងជើងខេត្ត បាក់ហ្សាង ប្រទេសវៀតណាម ហើយគ្រោងនិងផលិត កុំព្យួរទ័រ និង ថេប្លេត ឲ្យបានដល់ ៨លានគ្រឿងក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលវៀតណាម។
កន្លងមកក្រុមហ៊ុនយក្សមួយនេះ ធ្លាប់បានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសវៀតណាមប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិក បង្កើតការងារក្នុងស្រុកបានចំនួន ៣ម៉ឺន៥ពាន់កន្លែង។ ហើយក្នុងឆ្នាំ ២០២១នេះ Foxconn គ្រោងនឹងវិនិយោគ ៧០០លានដុល្លារបន្ថែមទៀតដែលអាចផ្តល់ការងារដល់ពលរដ្ឋវៀតណាមចំនួន ១ម៉ឺនកន្លែងបន្ថែមទៀត។
គួរបញ្ជាក់ដែរថា នៅចំពោះមុខផលប៉ះពាល់ដែលកើតឡើងដោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក Foxconn បានរុះរើរោងចក្ររបស់ខ្លួនចេញពីប្រទេសចិនមកតាំងទីនៅវៀតណាមវិញជាបន្តបន្ទាប់ ដែលប្រការនេះបានធ្វើអោយវៀតណាមក្លាយជាប្រទេសដែលទទួលបានវិនិយោគរបស់ Foxconn ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍៕