បើតាមរបាយការណ៍វាយតម្លៃទំនាក់ទំនងពាណិជ្ជកម្មប្រចាំឆាំ្ន ២០២០ របស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីល្បាញ DHL បានបង្ហាញថា វៀតណាម ធ្វើបានល្អផ្នែកពាណិជ្ជកម្ម នឹងសម្រេចបាន ៨៣ពិន្ទុ ដែលធ្វើឲ្យ វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ ទូទាំងសកលលោក ដោយប្រទេសសិង្ហបុរី ជាប់លេខ ១ និងប្រទេសម៉ាឡេស៊ីជាប់លេខ ៤។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា សសរស្តម្ភធំៗចំនួន ៤ ដែលជ្រើសរើសសម្រាប់ការវាយតម្លៃនេះ រួមមាន ពាណិជ្ជកម្ម ដើមទុន ព័ត៌មាន និងធនធានមនុស្ស ហើយកត្តាទាំង ៤នេះទៀតសោត ត្រូវកំណត់វិភាគដោយ កត្តាចំនួនទំនិញដែលបានជួញដូរ កត្តាវិនិយោគមកពីក្រៅប្រទេស និងកត្តាជនអន្តោប្រវេសន៍ដែលចេញទៅធ្វើការនៅក្រៅប្រទេស។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន DHL Express ប្រចាំនៅប្រទេសវៀតណាម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម បានក្លាយជាគោលដៅវិនិយោគដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ ក្រុមហ៊ុនជាច្រើន ដែលចង់បង្កើតមូលដ្ឋានផលិតរបស់ពួកគេ ហើយអ្វីដែលទាក់ទាញការវិនិយោគគឺ កម្លាំងពលកម្មវ័យក្មេងនៅមានច្រើន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយដៃគូ និងស្ថេរភាពសង្គម។
របាយការណ៍របស់ ក្រុមហ៊ុន DHL នេះ បានបន្ថែមថា វៀតណាម បានក្លាយជាដៃគូប្រកួតប្រជែង សម្រាប់ប្រទេសចិន ទាំងផ្នែកឧស្សាហកម្មវាយនភណ្ឌ និងផលិតផលបច្ចេកវិទ្យាទំនើប ហើយបើតាមការវាយតម្លៃជារួម វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៣៨ ក្នុងចំណោមបណ្តាប្រទេស និងតំបន់ចំនួន ១៦៩ ហើយការវាយតម្លៃនេះ នឹងធ្វើឡើងម្តងទៀត រៀងរាល់ ២ឆ្នាំម្តង៕