ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងថា នឹងពង្រឹងទំនាក់ទំនងជាមួយចិនឲ្យកាន់តែរឹងមាំ និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត ក្នុងការផលិត កែច្នៃ និងជួញដូរលើផលិតផលតែនិងកាហ្វេ ជាពិសេស វាយលុកទីផ្សារសកល ដែលមានប្រជាជនប្រមាណជាង ៧ពាន់លាននាក់។
លោក ង្វៀន សួន ឈួង រដ្ឋមន្រ្តីនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ចិនជាទីផ្សារទិញផលិតផលកសិកម្មរបស់វៀតណាមដ៏ធំមួយ ក៏ប៉ុន្តែវៀតណាមត្រូវពង្រីកការផ្គត់ផ្គង់បន្ថែមទៅកាន់ខ្សែសង្វាក់ទីផ្សារកសិកម្មសកល។
លោកបន្តថា ប្រទេសចិនមានបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកទេសដំាដុះ ហើយវៀតណាមត្រូវការសហការគ្នានៅក្នុងរឿងដាំដុះនេះ គួបផ្សំជាមួយការដោះស្រាយបញ្ហាអាកាសធាតុ គ្រោះធម្មជាតិ និងដំណើរការកែច្នៃផលិតផលថែមទៀតផង។
ក្នុងរយៈពេល ៩ខែ ដើមឆ្នាំនេះ វៀតណាមបានធ្វើការនាំចេញកាហ្វេជាង ១លាន ២សែនតោន ដែលមានតម្លៃជាង ២ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ អាល្លឺម៉ង់ និងអាមេរិក ជាទីផ្សារកាហ្វេធំជាងគេរបស់វៀតណាម។
គួរជម្រាបដែរថា កាលពីឆ្នាំ២០១៨កន្លងទៅ វៀតណាមបានធ្វើការនាំចេញ តែ ជាង ១២ម៉ឺនតោន មានតម្លៃប្រហែល ២២០លានដុល្លារអាមេរិក និងនាំចេញកាហ្វេជាង ១លាន ៨សែនតោន ដែលមានតម្លៃជាង ៣ពាន់ ៥រយលានដុល្លារអាមេរិក ទៅកាន់ ៨០ប្រទេសនិងតំបន់៕