ជាមួយគ្នានេះ លោក ង្វៀន សួនហ្វុក ក៏បានជំរុញឲ្យភាគីទាំងពីរខិតខំថែមទៀត ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ពិសេសការសម្រួលដល់ការនាំចេញនាំចូលទំនិញរវាងគ្នានឹងគ្នាតែម្ដង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Vietnam Plus។
ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី ដែលត្រូវបញ្ចប់បេសកម្ម និងតួនាទីជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងវៀតណាម និងម៉ាឡេស៊ី មានការរីកចម្រើនឥតឈប់ឈរលើវិស័យផ្សេងៗជាច្រើន។ ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១២ពាន់ ៥រយលានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ២៥,៥ ភាគរយធៀបនឹងឆ្នាំ២០២០ បើទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។
តែយ៉ាងណាមិញ វៀតណាមក៏នៅតែរំពឹងថា ប្រទេសម៉ាឡេស៊ី នឹងជួយសម្រួលដល់ការនាំចូលទំនិញវៀតណាមបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម និងផលិតផលសាច់ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ទេសចរណ៍ ការងារ និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង ក៏ដូចជាការស្តារឡើងវិញ នូវកិច្ចសហប្រតិបត្តិការ ក្រោយការរាតត្បាតដែលបានគូសបញ្ជាក់នៅក្នុងផែនការសកម្មភាពសម្រាប់រយៈពេល ៥ឆ្នាំ ២០២១-២០២៥ ផងដែរ។
ដោយឡែកសម្រាប់លោកស្រី ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម លោកស្រី ដាតូ សារីហ្វា (Dato Sharifah) បានលើកឡើងពីសង្ឃឹមថា វៀតណាម និងម៉ាឡេស៊ី នឹងជំរុញទំនាក់ទំនងរវាងគ្នាកើនឡើងដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និង ការវិនិយោគ ខណៈដែល វៀតណាមជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងជាទីផ្សារកំពុងរីកចម្រើនដ៏ជោគជ័យបំផុតមួយនៅក្នុងតំបន់។
យ៉ាងណាមិញ ប្រមុខដឹកនាំរដ្ឋវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីអាចធ្វើការរួមគ្នាជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីលើកកម្ពស់ការរួបរួម សំឡេងរួម និងភាពជាកណ្តាលរបស់ប្លុក ក្នុងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចាក្រមប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ ស៊ើង និមល់