លោក វួង ឌីញ ហូ ឧបនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឲ្យមានការនាំចូលសាច់ជ្រូកបន្ថែម ១សែនតោន ក្នុងត្រីមាសទី ១ ឆ្នាំ២០២០នេះដើម្បីសម្របសម្រួលដល់ ថ្លៃសាច់ជ្រូកក្នុងស្រុក ដោយសាច់ជ្រូកនាំចូល មានតម្លៃប្រមាណ ១,៥១ ដុល្លារ ក្នុងមួយគីឡូក្រាម ខុសពីតម្លៃសាច់ជ្រូកក្នុងស្រុកផងដែរ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានគូសបញ្ជាក់ថា អ្នកផលិតសាច់ជ្រូកមកពី អាមេរិក បារាំង និងបែលហ្ស៊ិក ចំនួន ៥០នាក់ នឹងផ្គត់ផ្គង់សាច់ជ្រូកមកកាន់វៀតណាម បន្ថែមពីលើចំនួនអ្នកដែលកំពុងផ្គត់ផ្គង់សាច់ជ្រូកឲ្យវៀតណាមជាង១.៦០០នាក់។
បើតាម លោក ហួង អាញ ធួន អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកវៀតណាមនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងថា ការនាំចូលសាច់ជ្រូកនេះ គឺដើម្បីការពារ អាជីវកម្ម កសិករ និងអ្នកប្រើប្រាស់វៀតណាម ហើយការនាំចូលនេះ ដើម្បីធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ នាឱកាសបុណ្យចូលឆ្នាំវៀតណាម នាពេលខាងមុខ។
ទោះបីជាយ៉ាងណា តម្លៃសាច់ជ្រូកនៅលើទីផ្សារអន្តរជាតិ គឺមានតម្លៃថ្លៃ ហើយការនាំចូលសាច់ជ្រូកចូលវៀតណាម គឺពិតជាមិនថោកនោះទេ ដូច្នេះហើយក្រសួងវៀតណាម ក៏បានណែនាំប្រជាជនក្នុងស្រុកឲ្យត្រៀមខ្លួន ប្រើប្រាស់សាច់ផ្សេងៗដូចជា សាច់មាន់ សាច់គោ និងគ្រឿងសមុទ្រ ជំនួស កុំពឹងផ្អែកតែលើ សាច់ជ្រូកមួយមុខ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញថា ជម្ងឺប៉េស្តជ្រូក បានរាតត្បាតជាង ៧.៧០០ឃុំ ក្នុង៦៣ខេត្តក្រុង នៃប្រទេសវៀតណាម ដែលឈានដល់ការដកហូតជ្រូកជាង ៥លានក្បាល៕